(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រវាងថ្នាក់ដឹកនាំខេត្តស្វាយរៀង និងថ្នាក់ដឹកនាំខេត្តឡុងអាន និងខេត្តតៃនិញ (ប្រទេសវៀតណាម)។

លោក ម៉ែន វិបុល អភិបាលខេត្តបានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ព្រមទាំងគណៈប្រតិភូខេត្តឡុងអាន ខេត្តតៃនិញ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹកផ្ដល់កិត្តិយស អញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅក្នុងខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានថ្លែងថា ឆ្នាំនេះជាការចាប់ផ្ដើមដំបូង និងជាលើកទី១ហើយ ដែលខេត្តទាំងបីស្វាយរៀង-ឡុងអាន-តៃនិញ បានមកជួបជុំគ្នាដោយផ្ទាល់សារជាថ្មីឡើងវិញ នៅក្នុងខេត្តស្វាយរៀង បន្ទាប់ពីខកខានមិនបានជួបជុំគ្នាអស់រយៈពេល២ឆ្នាំ ដោយសារបញ្ហាឆ្លងរាលដាលជាសាកល នៃជំងឺកូវីដ-១៩។

ឧបនាយករដ្ឋមន្ដ្រី បានបន្ដថា បើទោះបីជាបញ្ហាវិបត្តិ នៃជំងឺកូវីដ-១៩នេះបានក្លាយជា របាំងបង្កឲ្យមានផលប៉ះពាល់ដល់ដំណើរការជាប្រក្រតី ទៅលើការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋទាំងសងខាងក៏ពិតមែន ប៉ុន្តែដោយឈលើទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»

កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងបី ក៏នៅតែត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់យ៉ាងមានប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំងតាមរយៈការសហការសម្របសម្រួលយ៉ាងជិតស្និទ្ធធ្វើឲ្យធានាបាននូវនិរន្តរ៍ភាព នៃការផ្លាស់ប្ដូរ និងការចរាចរណ៍ទំនិញ និងផលកសិកម្មនៅតាមព្រំដែន ការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងសងខាងធ្វើការប្រមូលផលដំណាំផ្សេងៗ នៅតាមព្រំដែនបានរលូន និងល្អប្រសើរ ការរួមគ្នាកែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធព្រំដែន ការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសនេះផងដែរ ក៏បានធ្វើការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍គ្នាទៅមក ព្រមទាំងពិសាបាយសាមគ្គី និងរាំលេងកម្សាន្តប្រកបដោយមិត្តភាព សាមគ្គីភាព ភាពស្និទ្ធស្នាល កិច្ចសហប្រតិបត្តិការ និងពោរពេញដោយភាពសប្បាយរីករាយ ដើម្បីត្រៀមទទួលអំណរពរជ័យនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕