(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែេមសា ឆ្នាំ២០២២នេះ បានថ្លែងលើកទឹកចិត្តឲ្យការជំរុញ និងពនឿនការចាក់វ៉ាក់សាំងនៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក ដើម្បីបង្កើតភាពស៉ាំសហគមន៍ ដែលជាវិធានការឆ្លើយតបដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩ ដែលបានរីករាលដាល។
ការមានប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងនាឱកាសអញ្ជើញក្នុងពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ១៩ ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ ពិធីនេះត្រូវបានធ្វើឡើងនៅវិមានសន្ដិភាព ដោយមានការអញ្ជើញចូលរួមពី លោកស្រី ដេវីយ៉ានី ខូបាហ្គោដ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការអូសបន្លាយនៃការឆ្លងរាលដាល គឺជាហានិភ័យសម្រាប់យើងទាំងអស់គ្នា ដែលអាចបង្កឲ្យមានការផ្ទុះឡើងវិញ នៃជំងឺកូវីដ១៩ ក៏ដូចជាការធ្លាក់ចូលទៅក្នុងវិបត្តិសង្គម-សេដ្ឋកិច្ច។ ក្នុងស្មារតីនេះ, កម្ពុជា សូមលើកទឹកចិត្តឲ្យការជំរុញ និងពនឿនការចាក់វ៉ាក់សាំង បង្កើតភាពស៉ាំសហគមន៍ ដែលជាវិធានការឆ្លើយតបដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត»។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវអំណរគុណ និងការកោតសរសើរ ជូនដល់សមាជិកនៃគំនិតផ្តួចផ្តើមចតុភាគី, ក៏ដូចជាបណ្តាប្រទេសនានានៅជុំវិញសកលលោក ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ទាំងក្នុងប្រទេស, តំបន់ និងសកលលោកទាំងមូល ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ទោះជាយ៉ាងនេះក្តី, ក្នុងស្ថានភាពបច្ចុប្បន្ននេះ យើងមិនត្រូវភ្លេចខ្លួន ដោយប្រទេសជាច្រើននៅបន្តទទួលរងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមិនទាន់អាចបើកដំណើរការសកម្ម-ភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញបាននៅឡើយ។
សម្រាប់ជំនួយនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវសេចក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមជាមួយ លោកស្រីឯកអគ្គរដ្ឋទូត ដើម្បីទទួលវ៉ាក់សាំងកូវីដ១៩ ប្រភេទកូវីស្យែល (COVISHIELD) ចំនួន៣២៥,០០០ (បីសែនពីរម៉ឺនប្រាំពាន់) ដូស ដែលជាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមចតុភាគី (QUAD Initiative) ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា អំណោយដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា, ឥណ្ឌា និងសមាជិកដទៃទៀតនៃគំនិតផ្តួចផ្តើមនេះ ដែលរួមមានសហរដ្ឋអាមេរិក, ជប៉ុន និង អូស្ត្រាលី។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៨៤៧,០៣០នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៧២,២០៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣០,៥៧៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៤៦,៣២០នាក់
៤៖ អាយុ៥ឆ្នាំ ៣៧៨,៨៨៥នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣១៩,០៤៤នាក់៕