(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំឭកដល់ប្រជាជនទូទាំងប្រទេសត្រូវបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។
ការយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជាយ៉ាងដូច្នេះ ត្រូវបានលើកឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន រួមជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា លោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេ អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនឥណ្ឌា នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព។
នាឱកាសនោះ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមក្រើនរំឭកដល់ប្រជាជនកម្ពុជាឱ្យបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ»។
សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗ ប្រមុខរាជរដ្ឋាភិបាលក៏បានដាក់ចុះនូវការប្រកាន់ខ្ជាប់ចំនួន៣ចំណុចដល់ប្រជាជនទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខផងដែរ៖
ទី១៖ ត្រូវអនុវត្តនូវវិធានការណ៍ «៣-ការពារ ៣-កុំ» ប្រកាន់ខ្ជាប់នូវការពាក់ម៉ាស រក្សាគម្លាត សម្អាតនឹងទឹកអាកុលឱ្យបានត្រឹមត្រូវ ពិសេសត្រូវយកកាតវ៉ាក់សាំងដាក់តាមខ្លួន រាល់ពេលចេញដើរកម្សាន្ត ព្រោះមានកន្លែងខ្លះតម្រូវឱ្យភ្ញៀវបង្ហាញកាតចាក់វ៉ាក់សាំង ម្យ៉ាងទៀតក្រសួងសុខាភិបាលក៏មានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលចាក់វ៉ាក់សាំងនៅកន្លែងកម្សាន្តនោះតែម្ដង ប្រសិនបើដល់វេនចាក់ដូសទី៣ (ដូសជំរុញ)។
ទី២៖ ត្រូវប្រកាន់នូវស្មារតីគោរពច្បាប់ចរាចរណ៍ក្នុងការបើកបរធ្វើដំណើរ ដើម្បីឱ្យការធ្វើដំណើរឱ្យទៅដល់គោលដៅ និងត្រលប់មកផ្ទះវិញប្រកបដោយសុវត្ថិភាព។
ទី៣៖ ត្រូវប្រកាន់ខ្ជាន់នូវការថែរក្សាអនាម័យជាប់ជានិច្ច ដើម្បីបង្ការការពារការឆ្លងជំងឺឆ្លងផ្សេងៗ ពិសេសគឺជំងឺកូវីដ១៩ (អូមីក្រុង)។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបួងសួងដល់ទេវតាឆ្នាំថ្មីសូមប្រសិទ្ធពរជ័យដល់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី រួមទាំងប្រជាជនកម្ពុជាទូទាំងប្រទេស សូមឱ្យមានសិរីសួស្តី ជ័យមង្គល និងវិបុលសុខមហាប្រសើរ៕