(ភ្នំពេញ)៖ កន្លងមកនៅក្នុងរដូវប្រាំង ប្រជាពលរដ្ឋនៅក្នុងតំបន់ភាគខាងលិចនៃរាជធានីភ្នំពេញ តែងប្រឈមជួបប្រទះបញ្ហាកង្វះទឹកស្អាត ដោយសារបញ្ហាសម្ពាធទឹកទាប និងកំណើននៃប្រើប្រាស់ទឹករីកធំឡើងជាប្រចាំ។
ដូចការសន្យា របស់អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានថ្លែងក្នុងសន្និសីទ ស្តីពីវឌ្ឍនភាពមូលដ្ឋាន ឃុំ-សង្កាត់ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីដើមខែមីនា ឆ្នាំ២០២២កន្លងទៅថា មុនថ្ងៃចូលឆ្នាំខ្មែរ ឆ្នាំ២០២២នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងខំខិតបង្កើនសម្ពាធផ្គត់ផ្គង់ទឹកស្អាត នៅប៉ែកខាងលិចនៃរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋនៅខណ្ឌកំបូល មានទឹកប្រើប្រាស់គ្រប់គ្រាន់។
កាដូពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្តល់ជូនដល់ពលរដ្ឋនៅខណ្ឌកំបូលនេះ បានធ្វើឱ្យពលរដ្ឋមានភាពរីករាយយ៉ាងខ្លាំង ដែលបញ្ហារបស់ពួកគាត់ តែងជួបប្រទះជារៀងរាល់ ក្នុងរដូវប្រាំងត្រូវបានដោះស្រាយ។
ចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២មក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអនុវត្តគម្រោងដាក់បំពង់មេនាំទឹកស្អាតទំហំ៨០០មីល្លីម៉ែត្រ និង ៦០០មីល្លីម៉ែត្រ បន្ថែមនៅលើផ្លូវជាតិលេខ៤ ចាប់ពីចំណុចមហាវិថីឈ្នះឈ្នះ រហូតដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងតំបន់កំបូល ដោយជំរុញក្រុមការងារជំនាញឱ្យខិតខំពន្លឿន ការអនុវត្តការងារការដ្ឋានដាក់បំពង់មេនាំទឹកនេះ ២៤ម៉ោង/២៤ម៉ោង ។
នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ការងារដាក់បំពង់មេនាំទឹកស្អាតនេះ ត្រូវបានបញ្ចប់ជាស្ថាពរ និងបានបើកបញ្ចូលទឹកផ្គត់ផ្គង់ទៅតំបន់កំបូល ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅតំបន់នោះមានទឹកប្រើប្រាស់គ្រប់គ្រាន់។
លោក សោម សុវណ្ណ ប្រធាននាយកដ្ឋានអាជីវកម្មនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានតភ្ជាប់បំពង់មេនាំទឹករួចមក បច្ចុប្បន្នសម្ពាធទឹកនៅខណ្ឌកំបូលបានកើនឡើងដល់១០ម៉ែត្រ ខណៈកន្លងមកនៅតំបន់ស្ទើរតែគ្មានទឹកប្រើប្រាស់នោះទេ ជាពិសេសនៅក្នុងបុរីពិភពថ្មីកំបូល។
លោកបញ្ជាក់ថា ចាប់ពីពេលនេះទៅតំបន់នេះនឹងមិនប្រឈម កង្វះទឹកស្អាតប្រើប្រាស់ទៀតនោះ ទេ៕