(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័កព.ស.២៤៦៦។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា «នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មី
ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១៣កើត ថ្ងៃសុក្រ ១៤កើត និងថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា គ.ស.២០២២ វេលាម៉ោង១០:០០នាទីព្រឹកខាងមុខនេះ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា ខ្ញុំសូមសម្តែងនូវអំណរសាទរឥតឧបមា និងចូលរួមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូមបានសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៌ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវស្នាដៃធំធេងថ្មីៗជាច្រើនថែមទៀត សំដៅបន្តចូលរួមចំណែកអភិវឌ្ឍជាតិមាតុភូមិ និងពង្រឹងនីតិរដ្ឋនៅកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀតតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលប្រសើរថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាមកិរិណីទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំ នូវសព្ទសាធុការពរជ័យគ្រប់ ប្រការចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បុត្រប្រសា ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»៕