(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ផ្ញើសារជូនពរនាយ នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦។

ក្នុងសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរៀបរាប់ថា៖ តាងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមផ្ញើជូននូវការសាកសួរសុខទុក្ខ ពោរពេញដោយមនោសញ្ចេតនានឹករលឹក ស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងឆ្នាំកន្លងទៅបានខិតខំពុះពារជម្នះរាល់ការលំបាក ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ មាតុភូមិជាទីស្នេហានៃយើង។

ទន្ទឹមនឹងនេះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ បានចូលរួមអនុវត្តយ៉ាងសកម្មនូវ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ សំដៅកសាងកងយោធពលខេមរភូមិន្ទឲ្យបានរឹងមាំរៀបរយ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញតួនាទីភារកិច្ចក្នុងកិច្ចការពារជាតិ។

ទន្ទឹមនឹងភារកិច្ចស្នូល កងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្មអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បង្ក្រាបសកម្មភាពខុសច្បាប់នានា ដូចជា បទល្មើសព្រៃឈើ បទល្មើសនេសាទ ការជួញដូរផ្លូវភេទ គ្រឿងញៀន រួមចំណែកក្នុងការជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយនានា និងសហការ ទប់ស្កាត់ បង្ការ ការពារ និងចូលរួមព្យាបាលជំងឺកូវីដ-១៩។

លើសពីនេះ បានសហការជួយដល់គ្រួសារយោធិន ពលី មរណៈ និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជួយគ្រួសារយោធិនដែលជួបការលំបាក និងពង្រឹងការចង
សម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព ជាមួយក្រសួងស្ថាប័នស៊ីវិល ក្នុងគោលដៅកសាងពង្រឹងខឿនការពារជាតិឲ្យកាន់តែរឹងមាំ។ កងយោធពលខេមរភូមិន្ទបានចូលរួមអនុវត្តភារកិច្ចអន្តរជាតិ លើវិស័យមនុស្សធម៌ និងការរក្សាសន្តិភាពក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ដែលជាមោទនភាពរបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ ធ្វើឲ្យកិត្យានុភាពជាតិកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។

សមិទ្ធផលដ៏ធំធេងដែលយើងសម្រេចបានកន្លងមក គឺអាស្រ័យដោយការខិតខំប្រឹងប្រែងពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការណែនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ព្រមទាំងស្មារតីទទួលខុសត្រូវខ្ពស់ ពីមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់តាំងអនុវត្តការងារជាក់ស្ដែងនៅតាមបណ្ដាកងឯកភាព៕