(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័កព.ស.២៤៦៦។
លិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានខ្លឹមសារយ៉ាងដូច្នេះថា «ក្នុងឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លា ប្រកបដោយមហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ក្នុងនាមខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូនសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាភ្លឺថ្លាឈ្លាសវៃ កម្លាំងកាយរឹងមាំ មានជន្មាយុយឺនយូរ ដើម្បីរួមចំណែកការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមជាតិឲ្យកាន់តែសម្បូរសប្បាយជារៀងដរាបតទៅ។
ក្នុងអភិសម័យដ៏វិសេសវិសាលនេះ ខ្ញុំ និងសហការី សូមសម្តែងនូវការគោរពកោតសរសើរស្ញប់ស្ញែងចំពោះគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចពិជ័យសេនា ដែលជាកុលបុត្រកម្ពុជាដ៏អង់អាចក្លាហាន មានឆន្ទៈមោះមុត ក្នុងបេសកកម្មរំដោះជាតិ មាតុភូមិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងសម្រេចបាននូវជោគជ័យធំធេងជាបន្តបន្ទាប់ ក្នុងបេសកកម្មការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី សុខសន្តិភាព ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។
ជាសក្ខីភាពជាក់ស្តែង សម្ដេចពិជ័យសេនា បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងសុខុមាលភាពសង្គម ជាពិសេសក្នុងតំណាក់កាលនៃការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិបទនៃជំងឺកូវីដ-១៩ និងការរួមចំណែកនៅក្នុងការរក្សាសុខសន្តិភាពសកលលោក តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពទៅចូលរួមជាមួយអង្គការសហប្រជាតិ។
ក្នុងឱកាសដ៏សិរីសួស្តីនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ខ្ញុំ និងសហការី សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ព្រះនាម កិរិណីទេវី សូមជួយបីបាច់ថែរក្សា អភិបាលបោះពំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនសម្តេចពិជ័យ សេនានិង លោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕