(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦។
សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានខ្លឹមសារយ៉ាងដូច្នេះថា «ក្នុងឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លា ប្រកបដោយមហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ក្នុងនាមខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាភ្លឺថ្លាឈ្លាសវៃ កម្លាំងកាយរឹងមាំ មាន ជន្មាយុយឺនយូរ ដើម្បីបន្តរួមចំណែកដឹកនាំសង្គមជាតិ មាតុភូមិកម្ពុជា កាន់តែចម្រុងចម្រើនថ្កុំថ្កើង សម្បូរសប្បាយរុងរឿង ជារៀងដរាបតទៅ។
ក្នុងអភិសម័យដ៏វិសេសវិសាលនេះ ខ្ញុំ និងសហការី សូមសម្តែងនូវការគោរពកោតស្ញប់ស្ញែង ចំពោះគំរូវីរភាពដ៏ឧត្តុង្គឧត្តម របស់សម្តេចក្រឡាហោម ក្នុងចលនាតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ក្នុងការស្តារ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ទទួលបានជោគជ័យជាបន្តបន្ទាប់ តាមស្មារតីនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព ស្ថេរភាព សុខដុមរមនីយកម្មនៅក្នុងសង្គម។ ជាសក្ខីភាពជាក់ស្តែង សម្តេចក្រឡាហោម បាននិងកំពុងពង្រឹងការអនុវត្តកំណែទម្រង់ វិមជ្ឈការ វិសហមជ្ឈការ ធ្វើឲ្យប្រទេសជាតិកាន់តែមានស្ថេរភាពសង្គម សេដ្ឋកិច្ចរឹងមាំនិងការអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងការសម្រេចបានគោលដៅជាប្រទេសមួយ ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ តាមស្មារតីក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ។
ក្នុងឱកាសដ៏សិរីសួស្តីនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ខ្ញុំ និងសហការី សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ព្រះនាម កិរិណីទេវី សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ជូន សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕