(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍នៃកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរព ជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័កព.ស.២៤៦៦។

ក្នុងលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល មានខ្លឹមសារដូចនេះថា« ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹង ឈានចូលមកដល់នាពេលខាងមុខនេះ យើងខ្ញុំជាសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល និងមន្រ្តី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា សូមលំឱនកាយ សម្តែង នូវសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទ សាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូនសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប្រធាន សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងមានជន្មាទីឃាយុយឺនយូរ ដើម្បីបន្តដឹកនាំសមាគមជាតិកាកបាទក្រហកម្ពុជា ក្នុងបុព្វហេតុមនុស្សធម៌ ជារៀងដរាបតទៅ។

ក្នុងអភិមង្គលដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា នៅក្នុងកាកបាទក្រហមកម្ពុជាទាំងមូល សូមគោរពសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប្រធាន ដែលជាកុលធីតាកម្ពុជាដ៏ឆ្នើមមួយរូបជាមាតាមនុស្សធម៌ប្រកបដោយព្រហ្មវិហារធម៌ ចរិយាធម៌ គុណធម៌ និងប្រាជ្ញាឈ្លាសវៃ ដើរតាមគន្លងវីរៈគំរូមនុស្សធម៌ នៃព្រះករុណាព្រះបរមរនកោដ្ឋ នៃព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស ក្នុងការដឹកនាំសមាគមជាតិ ឲ្យមានការជឿ ទុកចិត្តលើអភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាពពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន កៀរគររកមូលនិធិសម្រាប់ប្រតិបត្តិការ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះដែលស័ក្តិសមជាជំនួយការ ឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។

ជាសក្ខីភាពជាក់ស្តែង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ត្រូវបានទទួលស្គាល់ពីស្ថាប័នអង្គការសហប្រជាជាតិ ផ្តល់ជូននូវគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ។

ក្នុងឱកាសសិរីសួស្តីដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកកំបង់អញ្ជលីប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ព្រះនាម កិរិណីទេវី សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវ សព្ទសាធុការពរជ័យគ្រប់ប្រការ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕