(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិត គោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័កព.ស.២៤៦៦។
ក្នុងលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល មានខ្លឹមសារដូចនេះថា «ក្នុងអភិលក្ខិតសម័យដ៏មហាសិរីមង្គលថ្លៃថ្លា នៃទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ និងក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ក្នុងនាមខ្ញុំផ្ទាល់ និងសហការីនៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ សូមលំឱនកាយគោរពជូន នូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមមានសុខភាពល្អបរិបូរណ៍ ចម្រើនជន្មាទីឃាយុយឺនយូរ ដើម្បីបន្តដឹកនាំជាតិមាតុភូមិ និងប្រជាជនកម្ពុជាជាទីស្នេហានៃយើង ឲ្យបានប្រកបដោយសុខសន្តិភាព សម្បូរសប្បាយ ថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។
ក្នុងទិវាអភិមង្គលដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតស្ញប់ស្ញែងប្រកបដោយមោទកភាព ចំពោះភ័ព្វសំណាងនៃយើងខ្ញុំទាំងអស់គ្នា ដែលមាន សម្តេចតេជោជាមេដឹកនាំដ៏អង់អាចក្លាហាន មានឆន្ទៈមោះមុតក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ បម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ សុខសន្តិភាព និងការអភិវឌ្ឍ។
មិនតែប៉ុណ្ណោះ សម្តេចតេជោ មានប្រាជ្ញាឈ្លាសវៃក្នុងការដាក់ចុះយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គ្រប់គ្រងបានជោគជ័យគ្រប់ស្ថានភាពនយោបាយ សេដ្ឋកិច្ច ជំងឺរាតត្បាត ជាសកលនៅក្នុងប្រទេស នយោបាយការទូតនៅក្នុងតំបន់ និងពិភពលោកធ្វើឲ្យកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជាកាន់តែល្បីរន្ទឺ។
ស្ថិតក្នុងថ្ងៃដ៏សិរីមង្គលប្រពៃថ្លៃថ្លានេះ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកអញ្ជលីប្រណម្យបួងសួង ដល់តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំង អស់ក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៤៦៦ ព្រះនាម កិរិណីទេវី សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនសមេ្តចអគ្គមហាសេនាបតីវេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង បុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕