(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័កព.ស.២៤៦៦។
លិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានខ្លឹមសារយ៉ាងដូច្នេះថា «ស្ថិតក្នុងបរិយាកាសប្រកប ដោយសេចក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ក្នុងនាមខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្តេចវិបុលសេនាភក្តី និង លោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណឈ្លាសវៃ និងមានជន្មាទីឃាយុយឺនយូរ ដើម្បីបន្តរួមចំណែកដឹកនាំសង្គមជាតិ ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើងរុងរឿង ជានិច្ចនិរន្តរ៍តរៀងទៅ។
ក្នុងវរោកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវក្តីគោរពកោតសរសើរចំពោះវីរភាពដ៏ឆ្នើម របស់ សម្តេចវិបុលសេនាភក្តី ដែលបានបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ក្នុងចលនាតស៊ូរំដោះប្រទេសជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៍ និងបន្តចូលរួមចំណែកក្នុងការស្តារ និងកសាងប្រទេស ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស។ លើសពីនេះទៅទៀត សម្តេចវិបុលសេនាភក្តី គឺជាឥស្សរជនជាន់ខ្ពស់របស់ជាតិ ដែលបាន និងកំពុងដឹកនាំស្ថាប័នព្រឹទ្ធសភា ពង្រឹងនីតិរដ្ឋ ប្រជាធិបតេយ្យពេញលេញ
និងរួមចំណែកក្នុងការស្តារ និងពង្រឹងសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និងវិបុលភាពរបស់ប្រជាពលរដ្ឋ។
ស្ថិតក្នុងឱកាសដ៏សិរីមង្គលប្រពៃថ្លៃថ្លានេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំខាលចត្វាស័កព.ស.២៤៦៦ ព្រះនាម កិរិណីទេវី សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ជូន សម្តេចវិបុលសេនាភក្តី និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕