(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយសារលិខិត ថ្វាយព្រះរាជសព្ទសាធុការពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានខ្លឹមសាយ៉ាងដូច្នេះថា «ក្នុងអភិលក្ខិតសម័យដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយ ថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីវិវឌ្ឍនា ថ្វាយហ្លួងម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្ដេចទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្ដេចទ្រង់គង់ប្រថាប់ជាម្លប់ត្រជាក់ត្រជុំដល់ប្រជារាស្រ្តជាកូនចៅ ចៅទួតរបស់ព្រះអង្គជ្រកកោន ដោយសេចក្តីសុខដុមរមនា ជាភិយ្យោភាពអស់កាលដ៏យូរអង្វែងតរៀងទៅ។

ក្នុងវរោកាសដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យសម្តែងនូវ ព្រះវិសុទ្ធគុណដ៏ខ្ពង់ខ្ពស់បំផុត និងកតញ្ញកតវេទិតាធម៌ដ៏ធំធេង ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជទសពិធរាជធម៌ ប្រកបដោយព្រះរាជតម្រិះដ៏ឈ្លាសវៃ និងព្រះព្រហ្មវិហារធម៌តម្កល់ឧត្តមប្រយោជន៍ជាតិ មាតុភូមិ ជាអាទិភាព ធ្វើឲ្យប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា រស់នៅយ៉ាងសុខក្សេមក្សាន្តក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។

ជាសក្ខីភាពជាក់ស្តែង សម្តេចម៉ែជាអម្ចាស់ ស្ដេចទ្រង់យាងដង្ហែតាមព្រះរាជគន្លងវីរភាពរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ បន្តដឹកនាំព្រះរាជកិច្ច កសាងសមិទ្ធផលជាប្រវត្តិ ក្នុងពុទ្ធចក្រនិងអាណាចក្រ ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងមានស្នាព្រះហស្តជាព្រះនិមិត្តរូប នៃស្នាដៃរបស់ស្ត្រីកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ឲ្យបានកាន់តែល្អប្រសើរឡើង។

ក្នុងឱកាសដ៏សិរីសួស្តី នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំ សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ទេវតារក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ព្រះនាមកិរិណីទេវី សូមអភិបាលប្រោះព្រំគ្រងរក្សាសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្ដេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕