(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយសារលិខិត ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានខ្លឹមសាយ៉ាងដូច្នេះថា «ក្នុងអភិលក្ខិតសម័យដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយ ថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីវិវឌ្ឍនា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្ដេចទ្រង់ប្រកប ដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះពលានុភាពមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្ដេចគង់ប្រថាប់ ជាមហាម្លប់អម្រឹតដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រជ្រកកោន ក្នុងសេចក្តីសុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។

ក្នុងវរោកាសដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតប្រណម្យថ្វាយនូវព្រះវិសុទ្ធគុណដ៏ខ្ពង់ខ្ពស់បំផុត និងកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅ និងធំធេងបំផុត ថ្វាយព្រះករុណា ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង ដែលព្រះប្រកបដោយព្រះរាជទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ តម្កល់ឧត្តមប្រយោជន៍ជាតិមាតុភូមិ ជាអាទិភាព ធ្វើឲ្យប្រជានុរាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរស់នៅក្នុងសេចក្តីសុខក្សេមក្សាន្ត ក្នុងម្លប់នៃសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ ជាសក្ខីភាពជាក់ស្តែង ព្រះករុណា ព្រះមហាក្សត្រជាអម្ចាស់ តែងតែស្តេចយាងដឹកនាំដោយផ្ទាល់ ក្នុងព្រះរាជកិច្ចជាព្រះរាជវីរគំរូនៅក្នុងពុទ្ធចក្រ និងអាណាចក្រ រួមទាំងនយោបាយការទូត ធ្វើឲ្យកិត្យានុភាពព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីរន្ទឺសុះសាយថែមទៀត។

ស្ថិតក្នុងឱកាសដ៏មង្គលសិរីសួស្តី នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថប្រណមឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ទេវតារក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័កព.ស.២៤៦៦ ព្រះនាម កិរិណីទេវី សូមអភិបាលប្រោះព្រំគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព
សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕