(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចានន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកកជញ្ជូន នៅក្នុងសិក្ខាសាលា «ស្ថានភាពការ ដឹកកជញ្ជូន និងបញ្ហាប្រឈមនៅកម្ពុជា» នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ បានថ្លែងថា ការសាងសង់ផ្លូវដែក ដែលចេញពីរាជធានីភ្នំពេញ ទៅប្រទេសជិតខាងមានផលចំណេញយ៉ាងច្រើន ដល់ប្រទសកម្ពុជាយើង។
លោករដ្ឋមន្រ្តីបានលើកឡើងថា «ផ្លូវដែកដែលចេញពីភ្នំពេញទៅប៉ោយប៉ែត ទោះជាមិនទាន់ទៅដល់ប្រទេសថៃ ក៏យើងទទួលផល ចំណេញដែរ ព្រោះផ្លូវនេះនឹងត្រូវដឹកកសិផលពីតំបន់នោះច្រើនណាស់់ ហើយជៀសវាងគ្រោះចរាចរណ៍ មិនសូវមានការខូចខាត ផ្លូវគោកទៀត និងតម្លៃនៃការចំណាយអាចធូរស្រាលជាង នេះជាកិច្ចការដែលយើងត្រូវជំរុញជាមុនសិន»។
លោកបានបន្ថែមថា ការតភ្ជាប់់ពីប្រទេសថៃតាមផ្លូវដែក កម្ពុជាក៏មានតំបន់ពិសេសៗជាច្រើន នៅក្រុងប៉ោយប៉ែតដែរ ក្រៅពីនេះ កម្ពុជា ក៏មានរោងចក្រនៅទីក្រុងភ្នំពេញ ដែលត្រូវការដឹកចេញ-ចូល ទៅប្រទេសថៃច្រើន។ ចំណែកភ្ញៀវទេសចរ ក៏អាចជិះរថភ្លើងពីថៃ មកកម្ពុជា ពីកម្ពុជាទៅថៃបានយ៉ាងងាយផងដែរ ដូចច្នេះការទំនាក់ទំនងតាមផ្លូវដែក និងផ្លូវផ្សេងៗទៀត គឺមានផលចំណេញច្រើន ដែលកម្ពុជាទទួលបាន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទាំងច្បាប់ទម្លាប់ ទាំងមនុស្ស។ ចំណុចសំខាន់ទាំងនេះហើយ ដែលធ្វើឱ្យសហគម សេដ្ឋកិច្ចអាស៊ាន មានភាពរុងរឿងបាន ហើយជាកម្ពុជាបានរៀបចំខ្លួនធ្វើយ៉ាងណា ដើម្បីឱ្យទំនាក់ទំនងជាមួយប្រទេសជិតខាង មានភាពល្អប្រសើរ និងរីកចម្រើន រលូនទៅមុខ។
សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១ កន្លងទៅ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានស្នើឲ្យលោក Jiang Juhua នាយកគ្រប់គ្រងទូទៅផ្នែក កម្ចីសម្បទាន នៃធនាគារ អាហរ័ណ នីហរ័ណចិន ដើម្បីពន្លឿនកិច្ចព្រមព្រៀងប្រាក់កម្ចីសម្រាប់ផ្លូវលេខ៥១ និងផ្លូវក្រវ៉ា់ត់ក្រុងលេខ២ឲ្យបានលឿន។ ក្រៅពីនោះលោករដ្ឋមន្រ្តី និងលោក Jiang Juhua ក៏បានពិភាក្សាផងដែរ អំពីការដឹកជញ្ជូន តាមផ្លូវទឹកក្នុងស្រុក ផ្លូវដែក ព្រលានយន្តហោះ និងបណ្តាញផ្លូវគោកផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ៕