(ស្ទឹងត្រែង)៖ លោក សេង ទៀក ប្រធានអង្គការមូលនិធិសកលដើម្បីធម្មជាតិ (WWF) បានគូសបញ្ជាក់ថា លោក

ចង់ឱ្យពិនិត្យលើមាត្រានៃច្បាប់មួយចំនួន ដែលពាក់ព័ន្ធដើម្បីបង្កើនការដាក់ទោសទណ្ឌ និងការផាកពិន័យឱ្យបានធ្ងន់ធ្ងរដល់ជនទាំងឡាយណាដែលមានអន្ទាក់ក្នុងដៃ និងការបណ្តើរឆ្កែចាប់សត្វព្រៃ។

ការបញ្ជាក់បែបនេះ របស់លោក សេង ទៀក បានធ្វើឡើងក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ថ្មីៗនេះ ដែលមានរយៈពេល១ខែ។

បន្ថែមពីនេះ លោក សេង ទៀក ក៏បានផ្តល់យោបល់បង្កើតក្រុមអនុវត្តច្បាប់ចម្រុះចល័តតាមខេត្តគោលដៅនៃយុទ្ធនាការអន្ទាក់សូន្យ ដើម្បីចុះត្រួតពិនិត្យតាមទីផ្សារសត្វព្រៃក្នុងទីរួមខេត្ត ស្រុក ឃុំ ភោជនីយដ្ឋាន សណ្ឋាគារ និងរមណីយដ្ឋានទេសចរណ៍នានា។

ក្នុងនាមជាអង្គការដៃគូ ដែលបានចូលរួមយ៉ាងសកម្មជាមួយក្រសួងបរិស្ថាន លោកបានគាំទ្រយ៉ាងពេញទំហឹងដល់គំនិតផ្តួចផ្តើមរៀបចំជាយុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដោយក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយដៃគូអង្គការពាក់ព័ន្ធជាដើម។

លោក សេង ទៀក បានបន្ថែមថា អន្ទាក់ គឺជាដើមចមសំខាន់ដែលធ្វើឱ្យមានការបាត់បង់សត្វព្រៃសំខាន់ៗនៅកម្ពុជាដូចជា ខ្លាធំ និង អន្ទាក់នាំដល់ការថយចុះប្រភេទសត្វព្រៃមួយចំនួនយ៉ាងគំហុគនិងលឿនបំផុតដូចជា៖ ខ្លារខិន ខ្លាពពក ឆ្មាដាវ ឆ្កែព្រៃ ខ្លាឃ្មុំ និង ឈ្មសប្រែង ជាដើម។ល។

ប្រធានអង្គការរូបនេះ បានបញ្ជាក់ថា ខេត្តស្ទឹងត្រែង គឺជាចំណុចចាប់ផ្តើមដំបូងគេបង្អស់នៃយុទ្ធនាការអន្ទាក់សូន្យ ក្នុងបណ្តាខេត្តទាំង ៦ មាន៖ ស្ទឹងត្រែង រតនគីរី ក្រចេះ មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំ ដែលជាខេត្តគោលដៅសម្រាប់យុទ្ធនាការនេះ។ ដោយហេតុថា ខេត្តទាំងនេះ មានតំបន់ការពារធម្មជាតិជាច្រើនដែលកំពុងប្រឈម និងវិបត្តិអន្ទាក់ធ្ងន់ធ្ងរ ការបំពុលសត្វ ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់។ បទល្មើសទាំងនេះចាំបាច់ត្រូវតែបញ្ឈប់ជាបន្ទាន់ បើពុំនោះទេសត្វព្រៃរបស់យើងមួយចំនួន នឹងបាត់បង់ពូជក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ជាមិនខាន។

បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានថ្លែងថា នៅក្នុងការអនុវត្តច្បាប់របស់ក្រសួងបរិស្ថានទប់ស្កាត់បទល្មើសធនធានធម្មជាតិ បទល្មើសត្វព្រៃ នៅក្នុងឆ្នាំ២០២១កន្លងទៅ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកអន្ទាក់សរុបចំនួន ៦១,៦១១អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន៧៣ និងច្រករបៀងជីវចម្រុះចំនួន៣ ក្នុងប្រទេសកម្ពុជា។

លោកបានបន្តថា ជាមធ្យមក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០,០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។ កាលពីឆ្នាំ ២០២១កន្លងទៅ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ដែលជាអង្គភាពចម្រុះ បានចុះប្រតិបត្តិការក្នុងការបង្ក្រាបការជួញដូរសត្វព្រៃ ចំនួន ៦២៥លើក សង្គ្រោះសត្វព្រៃបាន ១,២៧១ក្បាល រឹបអូសសាច់សត្វព្រៃចំនួន ៣,៦០៩ក្បាល និងរឹបអូសសាច់សត្វព្រៃគ្រប់ប្រភេទចំនួន ៣៥៤គីឡូក្រាម បញ្ជូនសំណុំរឿងចំនួន១១ ទៅតុលាការ និងបានដោះលែងសត្វព្រៃចូលទៅព្រៃធម្មជាតិវិញចំនួន ៨៦៤ ក្បាល។

បើតាមន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ធនធានសត្វព្រៃរបស់ប្រទេសកម្ពុជា កំពុងប្រឈមនឹងហានិភ័យខ្ពស់ ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់អន្ទាក់ដែលបាន និងកំពុងកើតឡើង បណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។ ប្រសិនបើគ្មានវិធានការបន្ទាន់ទេនោះ កម្ពុជានឹងប្រឈមនឹងការបាត់ បង់ធនធាន សត្វព្រៃរបស់ខ្លួនដែលមានតម្លៃមិនអាចកាត់ថ្លៃបានជាសកលក្នុងពេលអនាគតខាងមុខ។

ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការទទួលទានសាច់សត្វព្រៃ និងជាវផលិតផលពីសត្វព្រៃដទៃទៀតជាដាច់ខាត។ ព្រមទាំងសូមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជាឱ្យនិយាយថា ទេចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងសកម្មភាពអភិរក្សធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យនៅស្ថិតស្ថេរគង់វង្ស។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងនោះមានបទល្មើសកាប់បំផ្លាញព្រៃឈើ និងសត្វព្រៃ ក្រសួងបរិស្ថាន បាននឹងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូអភិរក្ស ដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន ផ្លាស់ប្តូរទម្លាប់ពលរដ្ឋមួយចំនួន ដែលមានទម្លាប់ចូលព្រៃប្រកបមុខរបរកាប់ឈើ និងប្រមាញ់សត្វព្រៃឱ្យមានជម្រើសថ្មី មុខរបរថ្មី សម្រាប់ប្រជាពលរដ្ឋដែលរស់នៅជុំវិញ និងក្នុងតំបន់ការពារធម្មជាតិ។

ផ្អែកតាមរបាយការណ៍របស់អង្គការ WWF ក្នុងឆ្នាំ ២០២០ ស្តីពី ភាពស្ងាត់ស្ងៀមនៃអន្ទាក់ និងវិបត្តិអន្ទាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានប៉ាន់ប្រម៉ាណថា អន្ទាក់ប្រហែល ១២.៣លាន បាននឹងកំពុងគំរាមគំហែងសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ចំនួន១១ កន្លែង នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ឡាវ និងកម្ពុជា។

ក្នុងរបាយការណ៍នេះផងដែរ ក៏បានលើកឡើងថា អន្ទាក់ជាង២៣ម៉ឺនអន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ៥ កន្លែងក្នុងប្រទេសកម្ពុជា នៅក្នុងរយៈពេល ៩ឆ្នាំកន្លងទៅនេះ (២០១០-២០១៩)។ តំបន់ការពារធម្មជាតិទាំងនោះមានតំបន់ការពារជួរភ្នំក្រវាញ ដែនជម្រកគូលែនព្រហ្មទេព ដែនជម្រកកែវស៊ីម៉ា ដែនជម្រកស្រែពក និងដែនជម្រកភ្នំព្រេច។

សូមជម្រាបថា ដើម្បីការពារ និងអភិរក្សជីវិតព្រៃ ធនធានធម្មជាតិដែលកំពុងរងការគំរាមកំហែងយ៉ាងខ្លាំងពីសំណាក់ជនល្មើស ក្រសួងបរិស្ថាន បានសហការជាមួយអង្គការដៃគូនានា បានប្រកាសបើកជាផ្លូវការយុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តាខេត្តគោលដៅដែលក្នុងនោះ ខេត្តស្ទឹងត្រែង គឺជាខេត្តទី១ នៃការធ្វើយុទ្ធនាការនេះ ទី២៖ ខេត្តក្រចេះ ទី៣៖ ខេត្តមណ្ឌលគីរី ទី៤៖ ខេត្តរតនគិរី ទី៥៖ ខេត្តព្រះវិហារ និងទី៦៖ ខេត្តកំពង់ធំ៕