(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្វាយ និងផ្ញើសារជូនពរ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។
យោងតាមសារជូនពរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា «ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដែលប្រព្រឹត្តទៅ នាថ្ងៃព្រហស្បតិ៍ ទី១៤ ថ្ងៃសុក្រ ទី១៥ និងថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមអបអរសាទរជាមួយនឹងជនរួមជាតិទាំងអស់ សូមទទួលបានពរជ័យ សិរីសួស្ដី បវរមហាប្រសើរ វិបុលសុខគ្រប់ប្រការ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត»។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងឲ្យដឹងបន្តទៀតថា មហាសង្ក្រាន្តបីថៃ្ងនេះ ជាឱកាសឱ្យប្រជាពលរដ្ឋយើង រួមគ្នាជម្រុះចោលឱ្យជ្រះស្រឡះនូវភាពអពមង្គលឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅទាំងពួងក្នុងឆ្នាំចាស់ ហើយតាំងចិត្តថ្មីប្រព្រឹត្តអំពើល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញានៅក្នុងឆ្នាំថ្មី។ ក្រោមម្លប់ដ៏ត្រជាក់ត្រជំ នៃព្រះករុណាព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងលើមូលដ្ឋាននៃមហាសាមគ្គី ឯកភាពជាតិរឹងមាំ ដំណើរទៅមុខរបស់ជាតិយើងប្រព្រឹត្តទៅដោយរលូន និងមានជោគជ័យជាបន្តបន្ទាប់។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ថែមថា ឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅនេះ វិបត្តិជាសកលនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវភាពសង្គមជាតិយើង។ ប្រឈមនឹងស្ថានការណ៍នេះ រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើម បានដាក់ចេញផែនការយុទ្ធសាស្រ្ត និងវិធានការជាច្រើន ប្រកបដោយភាពជាក់ស្ដែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ទាំងខាងរដ្ឋបាល សុខាភិបាល សន្តិសុខ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតប្រជាជន រក្សាស្ថិរភាពសង្គម រក្សាលំនឹងសេដ្ឋកិច្ច និងលំនឹងនៃជីវភាពរស់នៅដោយមានការចូលរួមយ៉ាងផុលផុស ពីសំណាក់ប្រជាពលរដ្ឋ។
បើតាមសម្តេចវិបុលសេនាភក្តី សាយ ឈុំ, មកដល់ពេលនេះ ស្ថានភាពទូទៅកាន់តែបានល្អប្រសើរឡើងដែលឆ្លុះបញ្ចាំងអំពីជោគជ័យរបស់យើង ក្នុងការទប់ស្កាត់មិនឱ្យប្រជាជនធ្លាក់ក្នុងជ្រោះមរណៈនៃជំងឺកូវីដ-១៩ និងបានផ្ដល់ការរំពឹងទុកប្រកបដោយភាពវិជ្ជមានចំពោះការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងឆ្នាំ២០២២នេះ។ ទោះបីជាដូច្នេះក្ដី ក៏ជំងឺកូវីដ-១៩ នៅតែជាការគំរាមកំហែងយ៉ាងធំនៅឡើយដល់ការរស់នៅរបស់ប្រជាជនយើងដែលទាមទារឱ្យម្នាក់ៗត្រូវរៀនរស់ជាមួយកូវីដតាមគន្លងប្រក្រតីភាពថ្មី បន្ដអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពនានា ជាពិសេសការចាក់វ៉ាក់សាំងឱ្យបានពេញលេញ និងការអនុវត្តវិធានការ «៣ការពារ ៣កុំ»។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ទៀតថា «ក្នុងឱកាសដ៏មហោឡារិកនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនប្រទេសជាមិត្តភក្តិជិតឆ្ងាយ ស្ថាប័ន អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលបានលើកទឹកចិត្ត និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋកម្ពុជា។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះបារមីទេវតារក្សា ព្រះមហាស្វេតច្ឆត្រ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី និងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសមេ្តចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមទ្រង់ព្រះមេត្តាជួយប្រោះព្រំ ប្រទានពរជ័យ ថ្វាយព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង និងសមេ្តចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខែ្មរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ សូមព្រះអង្គមានព្រះជន្មយឺនយូរ ព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាសម្រាប់ ប្រជារាស្រ្តរបស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ»។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី ថ្វាយសមេ្តចព្រះមហាសង្ឃរាជទាំងពីរគណៈ ថ្វាយ និងប្រគេនព្រះថេរានុតេ្ថរៈគ្រប់ព្រះអង្គ ព្រមទាំងសូមប្រសិទ្ធពរ បវរមហាប្រសើរ ថ្វាយសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ជូនសម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី នាងកញ្ញា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និយោជក និយោជិត កម្មករ កសិករ ពាណិជ្ជករ អាជីវករ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជនរួមជាតិក្នុង និងក្រៅប្រទេស បានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជួយអភិបាលគ្រប់គ្រងថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តី ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា សន្តោសប្រណី សាមគ្គី រួមសុខរួមទុក្ខជាមហាគ្រួសារតែមួយនៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា ដោយក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរតរៀងទៅ៕