(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ បានជួបពិភាក្សាជាមួយតំណាងគណបក្សនយោបាយ១៧ ដែលបានចុះបញ្ជីបេក្ខជនប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លើប្រធានបទដែលនឹងត្រូវផ្សព្វផ្សាយគោលនយោបាយ និងធ្វើការចាប់ឆ្នោតយកលំដាប់លេខរៀងថត និងចាក់ផ្សាយគោលនយោបាយ ដែលនឹងត្រូវផ្សព្វផ្សាយនៅតាមប្រព័ន្ធទូរទស្សន៍ និងវិទ្យុរដ្ឋ និងព្រឹត្តិបត្រព័ត៌មានរបស់ គ.ជ.ប ក្នុងពេលឃោសនាខាងមុខនេះ។
ការជជែកពិភាក្សា និងការចាប់ឆ្នោតយកលំដាប់លេខរៀង បានធ្វើឡើងក្រោមអធិបតីភាព លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង និងជាប្រធានគណៈកម្មការសម្របសម្រួល នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប និងមានការចូលរួមពីតំណាងគណបក្សនយោបាយទាំង១៧ ដែលបានចុះបញ្ជីបេក្ខជនប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី៥ ខែមិថុនា នាទីស្តីការ គ.ជ.ប។
នាឱកាសនោះដែរ លោក ម៉ុក ដារ៉ា បានឱ្យដឹងថា ក្រោយពីចាប់យកលំដាប់លេខរៀងបានហើយ គឺគណបក្សនយោបាយនីមួយៗ ត្រូវរៀបចំខ្លឹមសារ និងស្ប៉តនៃគោលនយោបាយរបស់ខ្លួន ពាក់ព័ន្ធនឹងការងារក្នុងឃុំ-សង្កាត់មានជាអាទិ៍៖ ការដោះស្រាយបាតុភាពផ្សេងៗដែលកើតមានក្នុងឃុំ-សង្កាត់, ការរៀបចំចាត់ចែង និងផ្តល់សេវាសាធារណៈ, ការពង្រឹងការអនុវត្តច្បាប់, ការធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ, ការពង្រឹងការអប់រំសិក្សាធិការ សង្គមកិច្ច និងការលើកស្ទួយសុខុមាលភាព ក្នុងបរិបទកូវីដ១៩, ការការពារថែរក្សាបរិស្ថាន អនាម័យ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ជាតិ, ការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ការលើកកម្ពស់ជីវភាព ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច, ការពង្រឹងអភិបាលកិច្ចល្អ ការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស និងការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងឃុំ-សង្កាត់។
យោងតាមប្រតិទិនរបស់ គ.ជ.ប បានឱ្យដឹងថា ការឃោសនារកសំឡេងឆ្នោតរបស់ គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា៕