(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាង គ.ជ.ប ជាមួយគណបក្សភ្លើងទៀន។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឱ្យដឹងថា ប្រតិភូគណបក្សភ្លើងទៀន ដែលដឹកនាំដោយ លោក សុន ឆ័យ អនុប្រធានគណបក្ស បានលើកឡើងក្នុងជំនួបពិភាក្សានោះនូវបញ្ហា៣ ចំណុច៖

ទី១៖ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប លុបនៅឃុំ សង្កាត់ ចំនួន៥ និងបដិសេធការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ចំនួន៦ ឃុំ សង្កាត់។
ទី២៖ សុំឱ្យ គ.ជ.ប ជួយសម្របសម្រួលដល់ស្ថានភាពទូទៅកុំឱ្យមានការគំរាមកំហែង បេក្ខជន ឬបំភិតបំភ័យបេក្ខជនគណបក្សនយោបាយ។
និង៣៖ សុំឱ្យមានយន្តការទំនាក់ទំនងការងារ ដើម្បីដោះស្រាយបញ្ហាបន្ទាន់។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានគូសបញ្ជាក់ថា ការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការសុំចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយ ត្រូវបានដោះស្រាយចប់សព្វគ្រប់ហើយ ពុំមានអ្វីកែប្រែទៀតឡើយ ពីព្រោះការដោះស្រាយទាំងអស់ គ.ជ.ប ផ្អែកលើច្បាប់។

ចំពោះបញ្ហាទី២ ដែលលើកឡើងដោយគណបក្សភ្លើងទៀន លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានពន្យល់ថា គ.ជ.ប ក៏បានទទួលព័ត៌មានមួយចំនួនដែរ ទាក់ទងទៅនឹងបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ដែលករណីខ្លះជារឿងហួសដែនសមត្ថកិច្ចរបស់ គ.ជ.ប។ ទោះបីយ៉ាងណាក៏ដោយ គ.ជ.ប ក៏បានសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីឱ្យអាជ្ញាធរជួយសម្របសម្រួលការងារនៃសកម្មភាពរបស់គណបក្សនយោបាយ ហើយថ្មីៗនេះ ក្រសួងមហាផ្ទៃ និង គ.ជ.ប ក៏បានចេញសេចក្តីណែនាំរួមមួយដល់អាជ្ញាធរដែនដីរួចហើយដែរ។

អំពីយន្តការទំនាក់ទំនងការងារ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន ជម្រាបជូនថា គួរពង្រឹងយន្តការច្បាប់ដែលមានស្រាប់ នោះគឺយន្តការ គ.ជ.ប យន្តការនៅថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងយន្តការនៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។ ក្នុងការអនុវត្តកន្លងមក គ.ជ.ប មានកម្មវិធីប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតជាទៀងទាត់ ទាំងនៅថ្នាក់ គ.ជ.ប នៅថ្នាក់ គធ.ខប និងនៅថ្នាក់ គឃ.សប ហើយក្នុងករណីចាំបាច់ ក៏មានកិច្ចប្រជុំបន្ទាន់ដែរ ដើម្បីដោះស្រាយបញ្ហា។ តាមរយៈកិច្ចប្រជុំនេះហើយ គឺជាយន្តការដោះស្រាយការងាររបស់ គ.ជ.ប និងជួយសម្របសម្រួលការងារដល់គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕