(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង និងលោកស្រី ស៉ិន រតនា អនុប្រធានអនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌបឹងកេងកង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានបន្តចែកអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលខ្វះខាត ចំនួន ៤០គ្រួសារ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នាឱកាសនោះលោក ធឹម សំអាន បានលើកឡើងដោយបាននាំមកនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានី ជូនចំពោះក្រុមគ្រួសារទីទ័លក្រទាំងអស់ ដោយក្តីនឹករលឹកផងដែរ។
ជាមួយគ្នានេះដែរ លោក ធឹម សំអាន បានគូសបញ្ជាក់ថា «ជានិច្ចកាលកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់ប្រជាជន ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា។ ជាក់ស្តែងដូចជានៅរសៀលនេះ គឺសម្តេចមិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ»។
លោក ធឹម សំអាន បានលើកឡើងក្នុងន័យគិតគូរ អំពីសុខទុក្ខ ចំពោះប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់ បន្តចូលរួមអនុវត្តន៍ ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាព។
អំណោយមនុស្សធម៌ដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៤០គ្រួសារ នាពេលនេះ គឺក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ៣០គីឡូ មី ចំនួន ១២កញ្ចប់ និងទឹកស៉ីអ៉ីវចំនួន ០៤ដប៕