(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៃគណបក្សប្រជាជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំសមាជិក សមាជិកាបក្សទាំងអស់ទូទាំងស្រុកប្រាសាទបល្ល័ង្ក ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់គណបក្ស ឱ្យកាន់តែមានប្រសិទ្ធភាព និងត្រឹមត្រូវដើម្បីឈានទៅរកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណតិទី៥ ឆ្នាំ២០២២នេះ។
លោក ជា អឿង បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំប្រចាំខែរបស់គណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
លោកបានកោតសរសើចំពោះក្រុមការងារ ដែលតែខិតខំយកចិត្តទុកដាក់និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋកន្លងមក តែការដោះស្រាយទាំងងស់នេះ នៅតែជួបបញ្ហាប្រឈម និងមិនទាន់បានដោះស្រាយនៅឡើយ។
លោកបន្តថា ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន បេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា ជាមនុស្សមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មានអាកប្បកិរិយាថ្លៃថ្នូរ ស្អាតស្អំ មិនរើសអើង ដោយមានការគោរពស្រឡាញ់ និងជឿជាក់ពីប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះ លោកបានជំរុញបេក្ខភាពឈរឈ្មោះទាំងអស់ត្រូវចុះសួរសុខទុក្ខម្ចាស់ឆ្នោតតាមខ្នងផ្ទះដើម្បីពិនិត្យ
អត្តសញ្ញាណបណ្ណ កាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងស្ថានភាពរស់នៅរបស់សមាជិក សមាជិកាគណបក្ស ដោយធ្វើរបាយការណ៍ជាប្រចាំមកអចិន្ត្រៃយ៍គណបក្សស្រុក ព្រមទាំងជំរុញការផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋគ្រប់អាយុឱ្យទាន់ពេលវេលា ការផ្តល់សេវាសាធារណៈ សំបុត្រកំណើត អាពាហ៍ពិពាហ៍សៀវភៅសារជាដើម ធ្វើយ៉ាងណាឱ្យម្ចាស់ឆ្នោតសប្បាយចិត្ត និងមានភាពជឿជាក់មកលើសមជិកដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។
លោកបានអំពាវនាវដល់សមាជិកគណបក្ស និងប្រជាពលរដ្ឋទាំងអស់ត្រូវក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ចូលរួមអបអរសាទរសប្បាយរីករាយតែត្រូវបន្តអនុវត្តន៍នូវវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ចូលរួមគោរពច្បាបចរាចរណ៍ និងផ្សព្វផ្សាយដល់កូនៗឱ្យចៀសឆ្ងាយពីគ្រោះថ្នាក់នៃគ្រឿងញៀន ជាដើម។
លោក ជា អឿង បានណែនាំដល់សមាជិកទាំងអស់ ទៅចូលរួមបោះឆ្នោតថ្ងៃទី៥ ខែមិថុនាខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា៕