(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែរតក្សាជំហរលុបបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់របស់គណបក្សភ្លើងទៀន ចំនួន១១ ឃុំ សង្កាត់ ដោយសារខុសពីលក្ខន្តិកៈ ដែលចែងក្នុងច្បាប់ស្តីពីការបោះឆ្នោត។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ការសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀន ចំនួន១១ឃុំ-សង្កាត់ រួមមាន៖ រាជធានីភ្នំពេញ ចំនួន៨ សង្កាត់, ខេត្តកំពង់ចាម ចំនួន២ ឃុំ និងខេត្តពោធិ៍សាត់ ចំនួន១ឃុំ។

ការរក្សាជំហបែបនេះ របស់ គ.ជ.ប បានធ្វើឡើងបន្ទាប់ពីបានជួបជជែកជាមួយគណបក្សភ្លើងទៀន នៅព្រឹកថ្ងៃទី១១ ខែមេសានេះ បន្ទាប់ពីគណបក្សភ្លើងទៀន បានដាក់លិខិតស្នើសុំជួបពិភាក្សាជាមួយ គ.ជ.ប កាលពីពេលថ្មីៗនេះ។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណបក្សភ្លើងទៀន លើកឡើងថា បានធ្វើឱ្យប៉ះពាល់ដល់មន្ត្រីគណបក្សរបស់គាត់ គឺពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់អាជ្ញាធរដែនដីច្រើន ហើយកាលដែលមន្ត្រីរបស់គណបក្សភ្លើងទៀន ត្រូវបានតុលាការ កោះហៅ ជាដើម អាណុងជារឿងដោយឡែករបស់បុគ្គលទេ មិនមែនក្នុងដែនសមត្ថកិច្ចរបស់ គ.ជ.ប នោះទេ អញ្ចឹង គ.ជ.ប រក្សាទុកការលុបបញ្ជីឈ្មោះហ្នឹងដដែល»

ជាមួយគ្នានេះដែរ លោក ហង្ស ពុទ្ធា បានអះអាងថា គ.ជ.ប បើកទូលាយសម្រាប់ភាគីពាក់ព័ន្ធ មិនត្រឹមតែគណបក្សភ្លើងទៀននោះទេ គឺគ្រប់គណបក្សទាំងអស់ គឺ គ.ជ.ប ធ្វើការជាមួយជានិច្ច។

បើតាមអ្នកនាំពាក្យរូបនេះ, បេក្ខជនទាំង ៨៦នាក់ ដែលត្រូវបានលុបឈ្មោះនេះ ភាគច្រើនមកពីខាងគណបក្សភ្លើងទៀន ដែលសុទ្ធសឹងជាបេក្ខជនគ្មានគុណភាព ដែលបានរងបណ្តឹង បន្ថែមពីនេះ បេក្ខជនផ្សេងទៀតមកពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សឆន្ទៈខ្មែរ។

យោងតាមមាត្រា ៥៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងករណីដែលប្រជាពលរដ្ឋប្តឹងសុំលុបឈ្មោះបេក្ខជន ប្រសិនបើក្រុមប្រឹក្សាជំនុំជម្រះរកឃើញថាបេក្ខជននោះ មានលក្ខណៈសម្បត្តិមិនគ្រប់គ្រាន់តាមច្បាប់កំណត់ ក្រុមប្រឹក្សាជំនុំជម្រះ នឹងចេញសេចក្តីសម្រេចលុបឈ្មោះបេក្ខជននោះ អនុលោមតាមមាត្រា៣៥ និងមាត្រា៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

ផ្ទុយទៅវិញ ក្នុងករណីដែលប្រជាពលរដ្ឋប្តឹងសុំលុបបញ្ជីបេក្ខជននៃគណបក្សនយោបាយ ប្រសិនបើក្រុមប្រឹក្សាជំនុំជម្រះរកឃើញថា គណបក្សនយោបាយមានកំហុសខាងផ្លូវច្បាប់ក្នុងការចាត់ចែងរៀបចំបញ្ជីបេក្ខជន ដែលក្នុងនោះមានបេក្ខជនមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដូចជាមិនចេះអាន មិនចេះសរសេរអក្សរខ្មែរ មិនបានបំពេញប្រវត្តិរូប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះដោយផ្ទាល់ដៃខ្លួនឯង សាមីខ្លួនមិនបានដឹងខ្លួនថា គេឱ្យឈរឈ្មោះជាបេក្ខជន គេផ្តិតមេដៃ ឬចុះហត្ថលេខាជំនួស ដែលកត្តាទាំងអស់នេះ ធ្វើឱ្យបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ មិនបានបំពេញលក្ខខណ្ឌ និងលក្ខណសម្បត្តិគ្រប់គ្រាន់ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប នឹងសម្រេចលុបបញ្ជីបេក្ខជននៃគណបក្សនយោបាយនោះ ស្របតាមមាត្រា ៣៥ មាត្រា ៤២ និងមាត្រា ៦១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយផ្អែកលើសេចក្តីសម្រេចរបស់ គ.ជ.ប យោងតាមមាត្រា ៦២ នៃច្បាប់នេះដែលចែងថា «ក្នុងករណីប្តឹងជំទាស់ត្រូវបានយល់ព្រម គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ត្រូវបដិសេធបេក្ខភាព ឬបញ្ជីបេក្ខជននៃគណបក្សនយោបាយដែលមានការប្តឹងជំទាស់នោះ រួចហើយលុបបេក្ខភាព ឬបញ្ជីបេក្ខជននោះចេញ ព្រមទាំងដកហូត និងបដិសេធលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជននោះ»

ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេច គឺមានការស្តាប់ការបំភ្លឺក្នុងសវនាការសាធារណៈដោយភាគីដើមបណ្តឹង មេធាវីតំណាងដើមបណ្តឹង ភាគីចុងចម្លើយ មេធាវីតំណាងចុងចម្លើយ និងសាក្សីដើមបណ្តឹង ឬចុងចម្លើយ និងការពិនិត្យ ពិចារណាលើអង្គហេតុ និងអង្គច្បាប់។

ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានរកឃើញករណីមិនប្រក្រតីជាច្រើនរបស់គណបក្សភ្លើងទៀនក្នុងការរៀបចំឯកសារនៃបេក្ខជន និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដោយអនុវត្តមិនបានត្រឹមត្រូវតាមស្មារតីនៃមាត្រា៣៥ មាត្រា៤២ មាត្រា៥៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលសបញ្ជាក់ឲ្យឃើញពីកង្វះការទទួលខុសត្រូវរបស់គណបក្សភ្លើងទៀន។

ដោយឈរលើមូលដ្ឋានគតិយុត្តដ៏រឹងមាំដូចមានចែងក្នុងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជន និងបញ្ជីបេក្ខជនមួយចំនួនរបស់គណបក្សភ្លើងទៀន ហើយសេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា។

សូមបញ្ជាក់ថា យ៉ាងហោចណាស់មានគណបក្សចំនួន១៧ បានចូលរួមប្រគួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ៥ នៅខែមិថុនា ខាងមុខនេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជន ២៨,០០៨នាក់ នៅគ្រប់ឃុំ សង្កាត់ចំនួន ១,៦៥២នាក់ ទូទាំងប្រទេស។ គណបក្សភ្លើងទៀន បានដាក់បេក្ខជន១៦២០ឃុំ/សង្កាត់។ គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជន៧១៥ឃុំ/សង្កាត់ គណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ ដាក់បេក្ខជន៦៥០ឃុំ/សង្កាត់៕