(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ គ្រប់ផែនជំនាញ ចុះធ្វើពលកម្ម សម្អាតបរិស្ថាន ជុំវិញកន្លែងធ្វើការ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងថា សកម្មភាពនេះ គឺជាការរួមចំណែកលើកកម្ពស់អនាម័យ សុខមាលភាព របស់កងកម្លាំងគ្រប់ស្រទាប់វណ្ណ: ត្រូវតែស្អាតទាំងកន្លែងធ្វើការ និងជីវិតរស់នៅប្រចាំថ្ងៃជាមួយក្រុមគ្រួសារនៅសហគមន៍ ក្នុងបរិបទកូវីដ១៩។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានណែនាំក្រើនរំលឹកដល់កម្លាំងអស់ត្រូវយកចិត្តទុកដាក់ មើលថែសុខភាពឲ្យបានល្អ សម្អាតខ្លួនប្រាណ និងកន្លែងធ្វើការឲ្យបានស្អាតជានិច្ច ហើយបន្តអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ទើបគេចផុតពីកូវីដ១៩ ៕