(កំពង់ស្ពឺ)៖ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាចំណុះសាលាខេត្តកំពង់ស្ពឺ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស ២០២២ នាពេលខាងមុខនេះ ។

សំណេះសំណាលនាឱកាសនោះ លោក វ៉ី សំណាង បានសំដែងនូវការកោតសសើរចំពោះមន្ត្រីរាជការសាលាខេត្តគ្រប់ឋានានុក្រម ដែលកន្លងមកបានខិតខំបំពេញភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ។

លោកអភិបាលបានបញ្ជាក់ទៀតថា «ក្នុងនាមមន្ត្រីរាជការត្រូវបំពេញភារកិច្ចបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយចំណេះដឹងវិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវកត្តាសាមគ្គីភាព ក្នុងនាមគ្រួសារមន្ត្រីរាជការយើងតែមួយ»

ក្នុងឱកាសនោះ លោកក៏បានឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ ដោយម្នាក់ៗទទួល អង្ករ១បាវស្មើ ៥០គីឡូក្រាម និងត្រី ខ២យួរ អាវចំនួន៣ និងថវិកាមួយចំនួនទៀត៕