(ព្យុងយ៉ាង)៖ អ្នកសារព័ត៌មានបរទេសប្រមាណជាង ១០០នាក់ត្រូវបានអញ្ជើញឲ្យចូលរួមក្នុង ព្រឹត្តិការណ៍បើកសមាជបក្សដ៏កម្រនៅកូរ៉េខាងជើង ដែលរយៈពេល ៣ថ្ងៃកាលពីសប្តាហ៍មុន ប៉ុន្តែនៅក្នុងចំណោមនោះអ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ BBC ម្នាក់ត្រូវបានអាជ្ញាធរ ទីក្រុងព្យុងយ៉ាងចាប់ខ្លួន និងប្រកាសបណ្តេញ ក្រោយពីបានរកឃើញភាពមិនប្រក្រតីមួយចំនួន។ នេះបើតាមការចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦។
មុននឹងសម្រេចនិរទេសអ្នកសារព័ត៌មានឈ្មោះ Rupert Wingfield-Hayes ខាងលើនេះ គឺអាជ្ញាធរកូរ៉េខាងជើងចាប់រូបគេឃុំខ្លួនរួច សួរចម្លើយបន្ទាប់មកក៏បានសម្រេចថានឹង ធ្វើការបណ្តេញចេញពីប្រទេសនេះតែម្តង។ ការរាយការណ៍នោះ ទំនងជាទាក់ទងនឹងរៀបរាប់ សាច់រឿងរហូតប៉ះពាល់ដល់លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំកូរ៉េខាងជើង។
អ្នកសារព័ត៌មាន CNN ម្នាក់គឺលោក Will Ripley ដែលស្ថិតនៅកូរ៉េខាងជើងស្រាប់បាននិយាយថា លោក Rupert Wingfield-Hayes ត្រូវបានឃុំខ្លួននៅព្រលានយន្តហោះទីក្រុង ព្យុងយ៉ាង និងទទួលការស៊ើបអង្កេតលើរឿងរាយការណ៍ព័ត៌មានលើសលោះ លើលោក គីម ជុងអ៊ុន អំឡុងពេលសមាជបក្សកាលពីពេញបីថ្ងៃចុងសប្តាហ៍មុន៕