(កែប)៖ អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចូលជួបសម្ដែងការគួរសម និងជូនពរថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋនៅខេត្តកែប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។

ក្នុងជំនួបនាឱកាសនោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណាម បានពិភាក្សាលើការងារវឌ្ឍនភាព សន្តិសុខរវាងដែនទឹក ប្រវត្តិសាស្ត្រលេីវិស័យទេសចរណ៍ និងការដឹកនាំដ៏មានភាពឆ្លាតវៃ នៃថ្នាក់ដឹកនាំប្រទេសទាំង២ (កម្ពុជា និងវៀតណាម)។ ជាពិសេសបានខិតខំទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងប្រទេសរបស់ខ្លួនបានយ៉ាងល្អប្រសើរ។

លើសពីនេះទៅទៀត គឺការរក្សាចំណងមិត្តភាពដែលកើតមានយូរឆ្នាំមកហើយ ឲ្យស្ថិតស្ថេរគង់វង្ស រក្សាបានស្ថិរភាពរវាងប្រជាជននៃប្រទេសទាំង២ ព្រមទាំងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែនកម្ពុជា-វៀតណាម ផងដែរ។

ជាមួយគ្នានេះ លោក សោម ពិសិដ្ឋ និងលោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណាម បានបង្ហញក្ដីសង្ឃឹមរួមគ្នាថា តទៅមុខកិច្ចសហប្រតិបត្តិការនានា ក៏ដូចជាការបើកទេសចរណ៍ឡើងវិញរវាងប្រទេសទាំង២ (កម្ពុជា-វៀតណាម) ឲ្យកាន់តែប្រសើរឡើង។ ទោះបីមានជំងឺកូវីដ១៩ រាតត្បាតមិនទាន់បញ្ចប់យ៉ាងណាក៏ដោយ តែសម្រាប់ភ្ញៀវទេសចរណាដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គ្រប់ដូសរួចហើយនោះ មិនមានអ្វីត្រូវប្រឈមទៀតនោះទេ៕