(ស្ទឹងត្រែង)៖ លោក យូ សិរីវុឌ្ឍ ក្រុមការងារអ្នកឧកញ៉ា លី សាម៉េត ហៅគ្រូមារ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានគូសរំលេចថា សម្តេចតេជោ ហ៊ុន សែន ជានិមិត្តរូបនៃក្តីស្រឡាញ់ របស់ប្រជាជន កម្ពុជា មកលេីគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ។

លោក យូ សិរីវុឌ្ឍ បានគូសរំលេចបែបនេះ ក្នុងកិច្ចប្រជុំអប់រំផ្សព្វផ្សាយផែនការសកម្មភាពការងារឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះ ធ្វើឡើងផ្តល់នូវផែនការសកម្មភាពការងារយុទ្ធសាស្ត្រមួយចំនួនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តស្ទឹងត្រែង ឆ្ពោះទៅការដណ្តើមបាននូវសេចក្តីទុកចិត្តពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

លោក យូ សិរីវុឌ្ឍ បានលើកឡើងថា ទង្វើល្អ និងការយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងបម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ គឺជាចំណុចសំខាន់ក្នុងការទទួលបានក្តីស្រឡាញ់ និងការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ លោក យូ សិរីវុឌ្ឍ បានគូសបញ្ជាក់ថា ក្នុងរបបប្រជាធិបតេយ្យ ប្រជាពលរដ្ឋ គឺជាអ្នកសម្រេចចិត្តក្នុងការជ្រើសរើសមេដឹកនាំទាំងនៅមូលដ្ឋាន និងថ្នាក់ជាតិ។ ដូច្នេះមានតែការធ្វើឱ្យប្រជាពលរដ្ឋស្រឡាញ់ពេញចិត្តតែប៉ុណ្ណោះ ទើបអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

និយាយដល់ការបម្រើប្រជាពលរដ្ឋនេះ លោក យូ សិរីវុឌ្ឍ បានលើកបង្ហាញនូវលក្ខណៈសម្បត្តិនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់សមាជិក សមាជិកា ឱ្យប្រឹងប្រែងត្រង់ត្រាប់អនុវត្តន៍តាម។ លោក បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីចាប់ផ្តើមធ្វើចលនាតស៊ូរំដោះជាតិនៅឆ្នាំ១៩៧៧ គឺបានតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។ គ្រប់កិច្ចការទាំងឡាយ គឺដើម្បីជាតិ និងប្រជាជន។

លោក យូ សិរីវុឌ្ឍ បន្តថា ឈរលើស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន បានបម្រើប្រទេសជាតិ និងប្រជាជន ដោយក្តីស្មោះស្ម័គ្របំផុត។ ការបម្រើប្រទេសជាតិ និងប្រជាជន ដោយភក្តីភាព ដោយក្តីស្រឡាញ់ ប្រជាពលរដ្ឋក៏បានផ្តល់នូវក្តីស្រឡាញ់ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោ ហ៊ុន សែន តែងបោះឆ្នោតគាំទ្រសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យនៅគ្រប់អាណត្តិទាំងការបោះឆ្នោតនៅមូលដ្ឋាន និងថ្នាក់ជាតិ។

លោក យូ សិរីវុឌ្ឍ បានណែនាំឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា តម្កល់ស្មារតីរបស់សម្តេចតេជោ ក្នុងការបម្រើប្រយោជន៍ជាតិ និងប្រជាជន ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជាក្តីសង្ឃឹមសម្រាប់ជាតិ និងប្រជាជន៕