(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ពីអភិបាលរាជធានីភ្នំពេញ មានការណែនាំឲ្យមានរៀបចំសង្ក្រានឆ្នាំថ្មី តាមអង្គភាព ស្ថាប័ន ដើម្បីបង្កលក្ខណៈសប្បាយដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញកំសាន្តសប្បាយ មជ្ឈមណ្ឌលឱកាសខ្ញុំ នាសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំសង្ក្រានឆ្នាំថ្មីជាតិ ជូនដល់ក្មេងៗ រងគ្រោះ កំពុងទទួលការព្យាបាល បានសប្បាយរីករាយផងដែរ។
មណ្ឌលឱកាសខ្ញុំ បានប្រារព្ឋពិធីសង្ក្រានឆ្នាំថ្មី ដោយនាំមក នូវសេចក្តីសប្បាយគ្រប់ៗគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ជាបុត្រីទី៥ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតា ឆ្នាំចាស់ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក លឹម តុងហួត ប្រធាននាយកដ្ឋានីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រ យុទ្ឋប្រឆាំងគ្រឿងញៀន និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ឋជន យុវនិតិសម្បទា រាជធានីភ្នំពេញ និងលោក កាំង លាងគ្រី នាយកទីចាត់ការច្បាប់ នៃសាលារាជធានី ព្រមទាំងមន្ត្រីនៃមន្ទីរសង្គមកិច្ច ផងដែរ។
លោកស្រី មុំ ចាន់នី បានសម្ដែងមោទកភាព ដែលបានរៀបចំពិធីដ៏មានអត្ថន័យ ហើយដែលឆ្នាំនេះ ហើយវាជាគុណតម្លៃដែលតែងតែបានយកចិត្តទុក ដាក់ប្រតិបត្តិជានិច្ច ក្នុងនាមជាកូនខ្មែរ និងពុទ្ធសាសនិកជនខ្មែរ ដែលធ្លាប់មានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងល្បីល្បាញ ព្រោះជនជាតិខ្មែរ មានប្រវត្តិធ្វើពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាំងពីបុរាណកាលរហូតមក។
លោកស្រី មុំ ចាន់ដានី ជំនួសមុខអោយក្មួយៗ មន្ត្រីរាជការទាំងអស់ និងអាណាព្យាបាលក្មួយៗ ដែលរងគ្រោះដោយសារគ្រឿងញៀន បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់ដឹកនាំរាជធានី ឥស្សរជនជាន់ខ្ពស់ អាជ្ញាធរប្រយុទ្ឋប្រឆាំងគ្រឿងញៀន និងក្រសួងសង្គមកិច្ចទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការផ្តល់ឱកាសព្យាបាល ផ្តល់ឱកាសស្តារនិតិសម្បទាដល់ក្មួយៗទាំងអស់។
លោកស្រី មុំ ចាន់ដានី បានបន្តថា នៅរសៀលនេះ មជ្ឈមណ្ឌលក៏មានល្បែងប្រជាប្រិយសម្រាប់កំសាន្តជាច្រើន ដូចជាវាយក្អម លោតបាវ ញាំប៉ិគក់ប្រណាំងគ្នា លាក់កន្សែង ចោលឈូង បោះអង្គុញ រួមនឹងតន្ត្រីរាំកំសាន្ត ពិសេសក៏មានផ្តល់កាដូរអនុស្សាវរីយ៍ជូនដល់ក្មួយៗ ប្អូនៗ ក្នុងលេងល្បែងដណ្តើមជ័យលាភីផងដែរ។
នាឱកាសនោះ ក៏មានការប្រគល់ពានរង្វាន់ដល់ក្រុមកីឡាករ ដែលធ្វើការប្រកួតដណ្តើមជ័យលាភីផងដែរ។
លោកស្រី មុំ ចាន់ដានី នៅឆ្នាំនេះ ក្រោយពីខកខាន២ឆ្នាំមកនោះ ឆ្នាំនេះរាជរដ្ឋាភិបាល បើកឲ្យមានការចូលរួមអបអរឆ្នាំថ្មី នៅពេលឆ្នាំថ្មីចូលមកដល់ លោកស្រី ព្រមទាំងមន្រ្តីមន្ទីរ បានរៀបចំសង្ក្រាន នៅមណ្ឌលឱកាសខ្ញុំ ជួបជុំគ្នា កំសាន្តសប្បាយនៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនក្មួយៗ ប្អូនៗ រងគ្រោះ ដើម្បីបានឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
លោក មាស វីរិទ្ឋ បានបញ្ជាក់ថា ដោយសារតែការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសុខសន្តិភាព បានខិតខំប្រឹងប្រែងធ្វើឲ្យមានការលូតលាស់គ្រប់វិស័យ។
លោក មាស វីរិទ្ឋ បានថ្លែងកោតសរសើរថា ក្រោមការដឹកនាំលោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ ជាមួយនឹងលោកស្រី មុំ ចាន់ដានី ដែលជាស្ថាបនិកឆ្នើម នៃមណ្ឌលឱកាសខ្ញុំ បានរៀបចំកិច្ចការងារ និងដំណើរការមណ្ឌលឱកាសខ្ញុំតាំងពីដើមរហូតមកដល់ពេលនេះ ដោយមានការគ្រប់គ្រង និងបានរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ឋឲ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស។
លោកបន្តថា ដោយឡែកនៅថ្ងៃនេះ ដើម្បីចូលរួមអបអរទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២២នេះ ក្រោយពីចប់កូវីដ យើងមានឱកាស រៀបចំសង្ក្រានឆ្នាំថ្មី ។ លោក មាស វីរិទ្ឋ ក៏បានថ្លែងកោតសរសើរលោកស្រី ប្រធានមណ្ឌលឱកាសខ្ញុំ ក្នុងការយកចិត្តទុកដាក់ ក្នុងការមើលថែប្អូនៗ ក្មួយៗ បានល្អ ហើយទទួលបានកោតសរសើរពីថ្នាក់ដឹកនាំ ពីអង្គការអន្តរជាតិផងដែរដែលសព្វថ្ងៃនេះមាន ប្អូនៗ ក្មួយៗ ជិត២០០០នាក់ ដែលកំពុងស្នាក់នៅ និងទទួលការព្យាបាលបន្សាបញៀន នៅក្នុងមណ្ឌលឱកាសខ្ញុំ។
ជាមួយគ្នានេះ លោកសង្ឃឹមថា ប្អូនៗ ក្មួយៗ ឃ្លាតឆ្ងាយ និងបោះបង់ចោលទម្លាប់អាក្រក់ប្រើប្រាស់គ្រឿងញៀន ហើយមានឱកាសទទួលយករបៀបរបប ប្រៀនប្រដៅ របស់អ្នកគ្រប់គ្រងមជ្ឈមណ្ឌល ក៏ដូចទទួលយកនូវពុទ្ឋឱវាទ ដែលបានរៀបចំផ្សព្វផ្សាយកន្លងមក៕