(កំពង់ធំ)៖ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភូមិក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជូនប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ ក្រោមអធិបតីភាពលោក យឹម លាង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នាដើមខែមេសា ឆ្នាំ២០២២នេះ។
សមិទ្ធផលថ្មីនៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតមួយនេះ ត្រូវបានសាងសង់ឡើងក្រោមជំនួយឧបត្ថម្ភដោយធនាគារឯកទេស ខេប៊ី ដេហាន ម.ក។
គួរបញ្ជាក់ថា គម្រោងនេះរួមមានអាងស្តុងទឹកចំនួន២ ប្រព័ន្ធចម្រោះទឹកស្អាតចំនួន១ និងអណ្តូងដែលមានជម្រៅ១០០ម៉ែត្រ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងពេលឱកាសជួបជុំគ្រួសារ។
លោក ព្រាប សម្បត្តិ ប្រជាពលរដ្ឋក្នុងភូមិក្រសាំង បានឲ្យដឹងថា គម្រោងផ្គត់ផ្គង់ទឹកស្អាតមួយនេះបានជួយសម្រួលដល់ការរស់នៅជាប្រចាំរបស់គ្រួសារគាត់ជាច្រើន គាត់ពិតជាមានភាពរីករាយ និងថ្លែងអំណរគុណជាខ្លាំងដល់សប្បុរសជនដែលបានផ្តល់ជូនអំណោយដ៏មានអត្ថន័យ ដោយឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយចាប់ពីពេលនេះតទៅគាត់ និងអ្នកភូមិក្រសាំងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ដោយអស់ក្តីបារម្ភពីការខ្វះខាតទឹកស្អាតដូចពេលមុនទៀត៕