(កំពង់ឆ្នាំង)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) សរុបប្រមាណ ១៥,០០នាក់ នៅក្នុងពិធីបុណ្យដារលានប្រពៃណីកសិករខ្មែរ ស្ថិតនៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ពិធីបុណ្យដារលានប្រពៃណីកសិករខ្មែរនេះ រៀបចំដោយ វេទិកាសន្តិភាពកម្ពុជា សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរស្រុកកំពង់លែង ដោយមានការចូលរួមផងដែរពី លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានវេទិកាសន្តិភាពកម្ពុជា, លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំយុវជន សសយក រួមទាំងថ្នាក់ដឹកនាំក្នុងខេត្តជាច្រើនរូបទៀត។
លោក ហ៊ុន ម៉ានី បានសម្តែងនូវក្តីរីករាយ ដែលបានចូលរួមក្នុងពិធីបុណ្យដារលាន ប្រពៃណីកសិករខ្មែរនាពេលនេះ។ លោកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក សមាជិកានៃវេទិកាសន្តិភាពកម្ពុជា ដែលបានសហការ និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំពិធី ដ៏មានអត្ថន័យនេះ ដើម្បីត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។
លោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចប្រធានគណបក្ស តែងបើកចិត្តទូលាយឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ដែលមានឆន្ទ:ស្មោះត្រង់ចូលរួមតាមគ្រប់លទ្ធភាពក្នុងការអភិវឌ្ឍជាតិ និងមាតុភូមិ ដែលស្មារតីនេះ បានឆ្លុះបញ្ចាំងពីបុព្វហេតុរបស់គណបក្សក្នុងការបង្រួបបង្រួមជាតិ ច្បាមឲ្យខាងតែបាននូវសន្តិភាព ដែលយើងទាំងអស់គ្នា បាន និងកំពុងទទួលផល។ តទៅមុខ យើងទាំងអស់គ្នា មិនថា មាននិន្នាការអ្វី ត្រូវរួមគ្នាឲ្យតម្លៃ និងការពារជាដាច់ខាតនូវសន្តិភាព ដែលយើងកំពុងតែមាននេះ។ ការរួមគ្នា ជាមួយនឹងបុព្វហេតុដ៏ថ្លៃថ្លានេះ ជាវិធីតែមួយគត់ ដែលយើងត្រូវបន្តទៅថ្ងៃអនាគត។
ជាមួយគ្នានេះផងដែរ លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមយុវជន សសយក ទាំងអស់ ដែលបានអញ្ជើញ មកចូលរួមនៅក្នុងថ្ងៃនេះ ហើយលោកក៏ផ្ដាំផ្ញើដល់យុវជនយុវនារីទាំងអស់ នាឱកាសចូលឆ្នាំថ្មីខាងមុខនេះ បង្កើតកម្មវិធីរាំលេងកំសាន្តនូវបទ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ចូកកំពឹសជាដើម ដើម្បីរក្សានូវប្រពៃណីជាតិយើងឲ្យបានគង់វង្ស។
បើតាម លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា, បុណ្យដារលាន គឺជាពិធីបែបប្រពៃណីដែលប្រជាពលរដ្ឋបានហៅខុសៗគ្នាទៅតាមតំបន់នីមួយៗ ដូចជាបុណ្យ បោសលាន បុណ្យសាមគ្គី បុណ្យកណ្តាលភូមិ និងបុណ្យដារបាតលានជាដើម។ បើទោះជាហៅបុណ្យនេះ ខុសៗគ្នាយ៉ាងណាក្តី តែគោលបំណងសំខាន់បំផុត នៃបុណ្យដារលាននេះ គឺដើម្បីអនុញ្ញាតឱ្យប្រជាកសិករបានជួបជុំគ្នា ពង្រឹងចំណងសាមគ្គីភាព និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ព្រមទាំងការចូលរួមសប្បាយរីករាយបន្ទាប់ពីធ្វើការហត់នឿយក្នុងការបង្កបង្កើន និងប្រមូលផលកសិកម្មនាឆ្នាំកន្លងមក។ លោកបន្ថែមថា ការរៀបចំពិធីបុណ្យនាពេលនេះ ក៏ជាឱកាសនៃការជួបជុំ និងរួបរួមរបស់ប្រជាជន ក្នុងនាមជាមហាគ្រួសារខ្មែរ និងក្រោមដំបូលជាតិខ្មែរតែមួយ ដើម្បីត្រៀមអបអរសាទរ ការឈានចូលមកដល់នូវពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលដ៏ខ្លីខាងមុខ។
លោកអះអាងទៀតថា បើតាមការសិក្សាស្រាវជ្រាវពីឯកសារ និងការសិក្សាពីចាស់ៗ ព្រឹទ្ធាចារ្យ ជាឯកសាររស់ បានឲ្យយើងដឹងថា បុណ្យដារលាន មានគោលបំណង ៣ធំៗ ដែលបុព្វបុរសខ្មែរជំនាន់ដើមបន្សល់ ទុកដល់កូនចៅជំនាន់ក្រោយឱ្យប្រារព្ធពិធីបុណ្យនេះមាន៖
ទី១៖ ប្រជាកសិករបានជួបជុំគ្នាដើម្បីពង្រឹងចំណងសាមគ្គីភាព និងផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក និងម្យ៉ាងវិញទៀតពួកគាត់បានចូលរួមសប្បាយរីករាយបន្ទាប់ធ្វើការហត់នឿយក្នុងការ បង្កបង្កើនផលរយៈកាលកន្លងមក។
ទី២៖ ដើម្បីអប់រំប្រជាកសិករ ឱ្យចេះស្រឡាញ់ស្រូវ ដូចជាអ្នកមានគុណ ព្រោះស្រូវកាល ពីដូនតាបុរាណយើងជំនាន់ដើមចាត់ទុកជា «ព្រះម» ហេតុនេះគឺឱ្យពួកគាត់ស្រឡាញ់ស្រូវដូចជា ឪពុក ម្តាយ និងអាយុជីវិតខ្លួនដែរ។
ទី៣ ចង់អប់រំកូនចៅជំនាន់ក្រោយឱ្យស្គាល់គុណរបស់ព្រះធរណី និងព្រះគង្គា ដែលជា ប្រភពធនធានយ៉ាងសំខាន់ក្នុងរបរកសិកម្ម គឺការដាំដុះស្រូវនេះឯង។ បើគ្មានដីគ្មានទឹកទេ គឺយើងមិន អាចធ្វើស្រូវបានទេ។
នៅក្នុងឱកាសនោះដែរ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានសម្ដែងនូវការអបអរសាទរយ៉ាងក្រៃលែង និងស្វាគមន៍ដោយក្ដីរំភើបរីក រាយចំពោះវត្តមានលោក ហ៊ុន ម៉ានី ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបុណ្យដាលានប្រពៃណីកសិករខ្មែរខាងលើនេះ។ លោកក៏បានជម្រាបជូនដល់លោកគណៈអធិបតីអំពីសមិទ្ធផលនានា ដែលខេត្តកំពង់ឆ្នាំងសម្រេចបាន មានដូចជា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្ត ការដោះស្រាយទំនាស់ដីធ្លីនិងវិវាទផ្សេងៗជូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសគឺការបង្ក្រាបបទល្មើសនេសាទថ្មីៗកន្លងទៅនេះ៕