(ព្រៃវែង)៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំចាយមារ ខេត្តព្រៃវែង បានលើកឡើងថា លោកគ្រូ អ្នកគ្រូ ជាអ្នកមានគុណបំណាច់ និងបានចូលរួមយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង អភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមកម្ពុជា ឱ្យបានរីកចម្រើនដូចពេលសព្វថ្ងៃនេះ។
លោក ស្តើង សុខុម បានគូសរំលេចបែបនេះ ក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយលោកគ្រូ-អ្នកគ្រូ និងគ្រូៗចូលនិវត្តន៍សរុបជិត ៧០០រូប នៅទូទាំងស្រុកកំចាយមារ ខេត្តព្រៃវែង។ ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ និងគ្រូបង្រៀនចូលនិវត្តន៍ ត្រូវបានធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។
លោកគ្រូ អ្នកគ្រូ គឺជាអ្នកបានបូជាកម្លាំងកាយចិត្ត បញ្ញាញាណ និងចំណេះដឹងដោយមិនខ្លាចការនឿយហត់ ដើម្បីផ្តល់ និងផ្ទេរចំណេះវិជ្ជា ដែលជាទុនដ៏ចាំបាច់សម្រាប់កូនចៅប្រជាពលរដ្ឋក្នុងការប្រកបរបរចិញ្ចឹមជីវិត ក៏ដូចជាចូលរួមចំណែកក្នុងការកសាងសង្គមជាតិ។ ពិធីសំណេះសំណាល និងអាហារសាមគ្គី ដែលរៀបចំឡើងមុនការឈានមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ មានគោលបំណងសំខាន់ក្នុងការថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានធ្វើពលីកម្មធំធេងក្នុងបុព្វហេតុកសាងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។
ក្នុងពិធីនោះ លោក ស្តើង សុខុម បាននាំយកនូវការនឹករលឹក និងផ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង ជូនដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានចូលរួមនៅក្នុងពិធី។ លោក ស្តើង សុខុម ក៏បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូនៅក្នុងស្រុកកំចាយមារទាំងមូល ដែលបានប្រឹងប្រែង និងធ្វើពលីកម្មជាច្រើន ដើម្បីផ្តល់ការអប់រំ ផ្តល់ចំណេះដឹងដល់កូនចៅប្រជាពលរដ្ឋនៅទូទាំងស្រុកកំចាយមារ ឱ្យក្លាយជាធនធានដ៏ល្អសម្រាប់សង្គមជាតិ។
ពាក់ព័ន្ធធនធានមនុស្សនេះ លោក ស្តើង សុខុម បានលើកឡើងថា ទាំងអ្នកទ្រឹស្តី និងអ្នកអនុវត្តន៍ បានយល់ស្របគ្នាច្បាស់ថា ធនធានមនុស្សជាធនធានលំដាប់ទី១ មានសារសំខាន់ជាងគេក្នុងការធ្វើឱ្យប្រទេសជាតិមានសេចក្តីសុខ។ ធនធានមនុស្ស ជាធនធានចម្បងជាងគេ ក្នុងការធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើន។
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំចាយមារ និងជាអ្នកអភិវឌ្ឍន៍លើការអប់រំមួយរូបដែរនោះ ក៏បានឆ្លៀតពន្យល់ពីអ្វីដែលហៅថា ធនធានមនុស្សផងដែរ។ សម្រាប់លោក ស្តើង សុខុម ធនធានមនុស្ស គឺជាមនុស្សដែលជាប្រយោជន៍សម្រាប់គ្រួសារ សម្រាប់សហគមន៍ និងសម្រាប់សង្គមជាតិ។
លោក ស្តើង សុខុម បានអះអាងថា ដើម្បីទទួលបានធនធានល្អសម្រាប់សង្គមជាតិ គឺទាមទារនូវការអប់រំមួយដ៏ល្អ ដែលលោកគ្រូ អ្នកគ្រូ គឺជាបង្អែកដ៏ចាំបាច់បំផុត។
លោក ស្តើង សុខុម បានគូសបញ្ជាក់យ៉ាងដូច្នេះ «អ្នកទ្រឹស្តី អ្នកប្រតិបត្តិ អ្នកដឹកនាំអនុវត្តន៍ឱ្យតម្លៃលើសលុបណាស់ចំពោះការអប់រំ ការអប់រំល្អ លោកគ្រូ អ្នកគ្រូល្អ ជួយឱ្យកូនចៅយើងល្អ ក្លាយជាពលរដ្ឋល្អ ក្លាយជាមន្ត្រីរាជការល្អ រកអនាគត រកសុភមង្គលឱ្យខ្លួនឯង ឱ្យគ្រួសារនីមួយៗ និងឱ្យស្រុកទេសយើង សង្គមយើង»។
លោក បានបន្ថែមថា «លោកគ្រូ អ្នកគ្រូ ពិតជាមានគុណសម្បត្តិធំធេងពិតមែន ក្នុងការអប់រំកូនចៅប្រជាពលរដ្ឋយើងឱ្យបានក្លាយជាងធនធានល្អ ជាពលរដ្ឋល្អនេះ ជាធនធានមនុស្ស ដែលយើងចាត់ទុកជាមនុស្សល្អនៅក្នុងសង្គមនេះ ពិតជាគុណសម្បត្តិគុណសម្បត្តិដ៏ថ្លៃថ្លារបស់លោកគ្រូ អ្នកគ្រូទាំងអស់»។
សូមបញ្ជាក់ថា ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីរៀបចំឡើងដោយក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំចាយមារ និងសមាគមអតីតសិស្សនៃវិទ្យាល័យ ហ៊ុន សែន កំចាយមារ ទទួលបានការចូលរួមឧបត្ថម្ភថវិកាពីអតីតសិស្សសិក្សានៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ សរុបជាង ២៨លានរៀល។ អតីតសិស្សដែលបានសិក្សានៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ បច្ចុប្បន្នបានក្លាយខ្លួនទៅជាថ្នាក់ដឹកនាំតាមបណ្តាក្រសួងស្ថាប័ននានា ខណៈខ្លះទៀត បានក្លាយទៅជាអាជីវករ និងអ្នកប្រកបអាជីពផ្សេងៗ សុទ្ធសឹងជាធនធានដ៏ល្អសម្រាប់សង្គមជាតិ។
ក្នុងពិធីនោះ ក្រៅតែពីពិសារអាហារសាមគ្គីក្រោមបរិយាកាសរីករាយ និងប្រកបដោយភាតរភាពហើយនោះ ក៏មានការឧបត្ថម្ភថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូចូលនិវត្តន៍។ លោក ស្តើង សុខុម ក៏បាននាំយកអំណោយមួយចំនួនជូនលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមក្នុងពិធីនោះផងដែរ។
លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅក្នុងស្រុកកំចាយមារ ក៏ដូចជាលោកគ្រូ អ្នកគ្រូ ដែលបានចូលនិវត្តន៍ បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយ ចំពោះការរៀបចំពិធីនេះឡើង។ ពួកគាត់បានចាត់ទុកការរៀបចំពិធីនេះ បង្ហាញឱ្យឃើញនូវទឹកចិត្តប្រកបដោយភាពកតញ្ញូរបស់សិស្សចំពោះគ្រូៗ ដែលជាអ្នកបានផ្ទេរនូវចំណេះដឹងជាទុនដ៏សំខាន់សម្រាប់ជីវិតនោះ៕