(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ ព្រមទាំងថ្នាក់ដឹកនាំកងពល នៅថ្ងៃអាទិត្យ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ បានចុះសាកសួរសុខទុក្ខ ដល់កងកម្លាំងឈរជើងតាមបណ្ដាចំណុចបង្អែក និងកម្លាំងដែលកំពុងបំពេញបេសកកម្ម ឈរជើងការពារតាមបណ្ដាគោលដៅ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ មិនឱ្យឆ្លងចូលក្នុងសហគមន៍ តាមខែ្សរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង-ប៉ៃលិន។
លោកមេបញ្ជាការ បានជំរុញដល់កងកម្លាំងអន្តរាគមន៍របស់កងពល ត្រូវយកចិត្តទុក្ខដាក់ សហការជាមួយកងកម្លាំងបណ្ដាអង្គភាពផ្សេងជាមិត្តឱ្យបានល្អប្រសើរ ជាពិសេសត្រូវបង្កើនការយកចិត្តទុក្ខដាក់ ឱ្យបានខ្ពស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នាថ្ងៃខាងមុខ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករ និងត្រូវប្រចាំការ២៤ម៉ោង/២៤ម៉ោង តាមគោលដៅ ដែលខ្លួនទទួលខុសត្រូវ។
លោកឧត្តមសេនីយ៍ត្រី គុជ នាង បានពាំនាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំលំដាប់ថ្នាក់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំង ដែលកំពុងឈរជើងការពារ នៅតាមបន្ទាត់ព្រំដែន និងនៅតាមគោលដៅទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រួមទាំងការការពារបូរណភាពទឹកដី និងទប់ស្កាត់រាល់បទល្មើសឆ្លងដែននានាផងដែរ។
ក្នុងឱកាសសួរសុខទុក្ខនោះដែរ លោកមេបញ្ជាការ បាននាំយកអំណោយជាស្បៀងអាហារ រួមមាន គ្រឿងឧបភោគ បរិភោគ ម៉ាស អាល់កុល និងសាច់ជ្រូក ឧបត្ថម្ភដល់កងកម្លាំងផងដែរ៕