(កំពង់ចាម)៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគម TYDA ចុះព្យាបាលប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់ នៅស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួមជាមួយអាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកធាយ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងថា ដោយសេចក្តីគោរពស្រលាញ់ប្រជាពលរដ្ឋ នេះគឺជាលើកទី៥ សម្រាប់ស្រុកបាធាយ និងលើកទី១៥ សម្រាប់ខេត្តកំពង់ចាម ដែលសមាគមTYDA បានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ លោកស្រី បានផ្តាំការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងលោក ហ៊ុន ម៉ាណែត ដែលបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
លោកស្រី អនុប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថា «បើគ្មានប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្រសួងស្ថាប័នពាក់ព័ន្ធ បានយកចិត្តទុកដាក់ទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសនោះទេ កម្ពុជានឹងមានលក្ខណៈធ្ងន់ធ្ងរដូចប្រទេសមួយចំនួន។ ប៉ុន្តែយើងពិតជាមានសំណាងដោយមានប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ ដែលធ្វើឱ្យស្ថានភាពកម្ពុជានាពេលបច្ចុប្បន្នមានសភាពធូរស្រាលជាងប្រទេសដទៃទៀត»។
លោកស្រី ពេជ ចន្ទមុន្នី បានសំណូមពរឲ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ឱ្យបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគមTYDA អាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា យុវជន ស.ស.យ.ក និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀតដែលបានរៀបចំការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA ដែលចុះព្យាបាលប្រជាពលរដ្ឋនៅស្រុកបាធាយ ខេត្តកំពង់ចាម បានព្យាបាលប្រជាពលរដ្ឋសរុបចំនួន ៩៩១ករណី និងមានករណីធ្ងន់ធ្ងរចំនួន ៤៣ ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ដែលការព្យាបាល និងការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕