(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបន្តយុទ្ធនាការទ្រង់ទ្រាយធំរបស់ខ្លួន ក្នុងការចុះជួយប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយការខ្វះខាតទឹក ប្រើប្រាស់នៅក្នុងខេត្តចំនួន០៤ គឺខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា សម្រាប់យុទ្ធនាការទ្រង់ទ្រាយធំ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មនេះ ក្រុមហ៊ុនស្រាបៀរអង្គរបានឧបត្ថម្ភទឹកពិសារជាច្រើនកេស និងរថយន្តធុនធំចំនួន ២០គ្រឿង សម្រាប់ប្រតិបត្តិការដឹកជញ្ជូនទឹកស្អាតទៅដាក់តាមគោលដៅនីមួយៗ។

ក្រៅពីយុទ្ធនាការទ្រង់ទ្រាយធំក្នុងខេត្តទាំង ០៤ខាងលើ ក្រុមការងារក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្តទាំង២៥ និងអង្គភាពរដ្ឋាករទឹកសាធារណៈជាសេនាធិការ តែងបានចុះជាប់ជាប្រចាំជួយជីកអណ្តូងទឹក និងចែកចាយទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅតាមមូលដ្ឋានរបស់ខ្លួន តាមគ្រប់មធ្យោបាយ និងលទ្ធភាពទាំងអស់ដែលអាចធ្វើទៅបាន។

ជាងនេះទៅទៀត នៅរយៈពេលដ៏ខ្លីខាងមុខនេះ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ នឹងប្រគល់ជូននូវទឹកបរិសុទ្ធ ដែលជាអំណោយរបស់សប្បុរសជននានា ជូនដល់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តទាំង២៤ ដោយក្នុងមួយខេត្តៗទទួលបានទឹកបរិសុទ្ធ ៥,០០០កេស ដើម្បីយកទៅបន្តចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះខ្វះខាតទឹក នៅតាមមូលដ្ឋានរបស់ខ្លួន។

គួររំលឹកផងដែរថា នៅចំពោះមុខសភាពការណ៍ នៃការរងគ្រោះរបស់ប្រជាពលរដ្ឋដោយសារកង្វៈទឹកប្រើប្រាស់ និងដើម្បីជាការឆ្លើយតបបានភ្លាមៗ ក្នុងការដោះស្រាយបញ្ហាជូនប្រជាជន ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដាក់ចេញជាបន្ទាន់នូវវិធានជាក់ស្តែងមួយចំនួនដូចជា៖

-ចាត់តាំងមន្រ្តីនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត និងអង្គភាពរដ្ឋាករទឹកសាធារណៈ ចុះសហការជាប្រចាំជាមួយអាជ្ញាធររាជធានី-ខេត្ត ក្នុងការជួយដោះស្រាយការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតទឹកប្រើប្រាស់។

-តាមដានព័ត៌មានពីមូលដ្ឋាននានា អំពីសភាពការណ៍ប្រឈមនៃការខ្វះខាតទឹក ដើម្បីសម្របសម្រួលដោះស្រាយការជួយផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់។

-ដាក់ចេញសេចក្តីណែនាំដល់គ្រប់ថ្នាក់ដឹកនាំក្រសួង គ្រប់អង្គភាពក្រោមឱវាទ និងមន្ត្រីក្នុងក្រុមការងារដែលទទួលបន្ទុកតាមមូលដ្ឋានរាធានី ខេត្ត ក្រុង ស្រុក ទាំអស់ អោយយកចិត្តទុកដាក់ចូលលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ពិនិត្យនិងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដែលកំពុងមានការខ្វះខាតទឹកប្រើប្រាស់។

-ដាក់ចេញសេចក្តីអំពាវនាវដល់ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាសផលិតទឹកពិសារបរិសុទ្ធ និងប្រតិបត្តិករ ឬអង្គភាពប្រកបអាជីវកម្មទឹកស្អាតទាំងអស់ ឱ្យចូលរួមជួយឧបត្ថម្ភទឹក សម្រាប់ពិសារ និងប្រើប្រាស់ ដើម្បីក្រសួងចាត់ចែងយកទៅចែកជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលកំពុងខ្វះខាតទឹក៕