(ព្រះវិហារ)៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលសាងសង់អស់ថវិកាចំនួន ១៣៤.៤០០.០០០រៀល ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២២នេះ ក្រោមវត្តមានលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ ដោយមានការចូលរួមពីពីថ្នាក់ដឹកនាំគណបក្សខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត។
នៅក្នុងឱកាសនេះដែរ លោក មាស សុភា បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត តែងបានគិតគូរយកចិត្តទុកដាក់ជានិច្ច ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង។
លោក មាស សុភា បានថ្លែងលើកឡើងទៀតថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ គឺបានកើតឡើងដោយការប្តេជ្ញាចិត្តរបស់គណបក្សខេត្ត គណបក្សស្រុកជ័យសែន គណបក្សឃុំ ក៏ដូចជាក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្ត ក្រុមកាងារខេត្តចុះជួយស្រុក ឃុំ ក្រោមសិល្បៈនៃការចែករំលែក ដែលជាប្រពៃណីដែលយើង មានតាំងពីយូរលង់មកហើយ។
លោកថា ការកសាងស្នាក់ការស្អាតនេះ មានន័យថា «គណបក្សប្រជាជនកម្ពុជានៅដឹកនាំយូរងង្វែង» មិនទៅចោលប្រជាជនទេ ហើយមកដល់ពេលនេះ គណបក្សមួយចំនួន មិនទាន់មានស្នាក់ការធ្វើការត្រឹមត្រូវដូចយើងទេ ពោលគឺនៅធ្វើការតាមផ្ទះនៅឡើយ។
លោកក៏ថ្លែងនូវការកោតសរសើរនូវស្មារតីទទួលខុសត្រូវ របស់គណបក្សស្រុក គណបក្សឃុំ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុក ជួយឃុំ ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក ចុះជួយឃុំ ដែលបានរួមគ្នាធ្វើឲ្យសមិទ្ធផលនេះកើតឡើង។
ជាមួយនឹងអគារស្នាក់ការគណបក្សបានសាងសង់រួចយ៉ាងស្អាតបែបនេះ លោក មាស សុភា ក៏សំណូមពរឲ្យមានអ្នកធ្វើការជាប្រចាំ និងត្រូវជួយថែរក្សាឲ្យបានស្អាត។ ជាមួយគ្នានេះ ត្រូវប្តេជ្ញាការពារសុខសន្តិភាព ប្រឆាំងអ្នកបង្កើតបដិវត្តពណ៌ ដែលមានបំណងបំផ្លាញសុខសន្តិភាព ដែលយើងខំដណ្តើមបានទាំងលំបាក ត្រូវបន្តគាំទ្រនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលកើតចេញពី គណបក្សប្រជាជន ត្រូវគាំទ្រនូវអភិក្រមទាំង៥ដើម្បីធ្វើឲ្យគណបក្សកាន់តែរឹងមាំ គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពខ្ពស់ និងត្រៀមលក្ខណៈការបោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
បើតាមរបាយការណ៍របស់លោក ចេង លឹមហ៊ាន់ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំស្អាង ស្រុកជ័យសែន បានថ្លែងឲ្យដឹងថា អគារស្នាក់ការគណបក្សឃុំស្អាង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ គឺបានកសាងឡើង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់ជាស្ថាពរ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដោយចំណាយថវិកាសរុប ១៣៤.៤០០.០០០រៀល។ អគារនេះមានទំហំ ៩ម៉ែត្រគុណ១៣ម៉ែត្រ ស្មើ ១៤៣ម៉ែត្រការ៉េ៕