(ក្រចេះ)៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ និងជាប្រធានកិត្តិយសគណៈកម្មការគ្រប់គ្រងវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន ក្រុងក្រចេះ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានរៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខឆាប់ៗនេះ។

លោកស្រីអភិបាលរងបានមានលើកឡើងថា ពិតណាស់ថ្វីត្បិតតែខកខានក្នុងការប្រារព្ធនូវបុណ្យចូលឆ្នាំខ្មែរ ដោយសារបញ្ហានៃការរីករាលដាលនៃកូវីដ១៩យ៉ាងណាក្ដី ក៏ស្មារតីក្នុងការចូលរួមថែរក្សាអភិរក្សនៅតែមានសម្រាប់ប្រជាជនខ្មែរជានិច្ច ហើយឆ្នាំនេះដែររាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកឲ្យបារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិបានឡើងវិញ នៅទូទាំងរាជធានីខេត្ត។

លោកស្រីបានបន្តទៀតថា ការៀបចំឱ្យមានកម្មវិធីសង្រ្កាន្តនេះ គឺជាចលនាបំផុសស្មារតីមួយដល់យុវជនយុវនារីជាពិសេសសិស្សានុសិស្សទាំងអស់ បានយល់ដឹងនិងចូលរួមថែរក្សាលើកស្ទួយនូវមរតកវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏រុងរឿងរបស់ខ្មែរ ដែលបានបន្សល់ទុកមក។ ម្យ៉ាងវិញទៀត នេះជាការជំរុញលើកទឹកចិត្តយុវជនដែលជាសិស្សានុសិស្ស ដែលបានចូលរួមក្នុងសកម្មភាពសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ ក្នុងន័យបណ្តុះស្មារតីយុវជនឱ្យស្គាល់ពីទំនៀមទំលាប់ប្រពៃណី និងវប្បធម៌ជាតិចេះគោរពឱ្យតម្លៃ និងចូលរួមសកម្មភាពថែរក្សាការពារវប្បធម៌ប្រពៃណីដ៏ផូរផង់ដែលដូនតាបន្សល់ទុក។

សូមបញ្ជាក់ថា សង្រ្កាន្តឆ្នាំថ្មីរបស់វិទ្យាល័យសម្តេចតេជោហ៊ុនសែន ក្រុងក្រចេះមានរយៈ០២ថ្ងៃ គឺថ្ងៃទី១០និង១១ខែមេសាឆ្នាំ២០២២នេះ។ ពិធីនេះ ក៏ទទួលបានការអបអរសាទរគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងពីសំណាក់គណៈកម្មការគ្រប់គ្រងវិទ្យាល័យមាតាបិតាសិស្ស និងយុវជនជំនាន់ថ្មីជាទំពាំងស្នងឫស្សី និងជាសរសរទ្រួងសម្រាប់អនាគតប្រទេសជាតិផងដែរ។

ពិធីនេះដែរក៏មានការលេងល្បែងប្រជាប្រិយជាច្រើនប្រភេទដូចជា ទាញព្រ័ត្រ ញាំចេក ផឹកទឹក វាយក្អម លោតបាវ ខ្លែងចាប់កូនមាន់ ដឹកដៃកូនក្រមុំទៅជួបម៉ែក្មេក រាំចង្វាក់ប្រពៃណីជាតិ ប្រលងច្រៀង ប្រលងរាំ និងរបាំជូនពររបាំនារីជាជួរ របាំត្រឡោក របាំក្រឡានខេត្តក្រចេះ ការបង្ហាញម៉ូតតាមសម័យកាលការបង្ហាញម៉ូត ដែលកែច្នៃពីសំរាម និងមានការប្រឡងធ្វើម្ហូប(សម្លរកកូរខ្មែរ)៕