(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០២ បានថ្លែងការកោតសរសើរអ្នកពាក់ព័ន្ធទាំងអស់ ដែលមានឆន្ទៈចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកថ្លែងបែបនេះ ក្នុងនាមជាតំណាងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពេលទស្សនកិច្ចមជ្ឈមណ្ឌល និងសំណេះសំណាលសួរសុខទុក្ខគណ:គ្រប់គ្រង បុគ្គលិក ក្រុមគ្រូពេទ្យ និងជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលផ្តាច់សារធាតុញៀននៅមជ្ឈមណ្ឌលជិវិតថ្មីភ្នំបាក់។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងអំណរគុណចំពោះការចូលរួមឧបត្ថម្ភគាំទ្រ ពីសំណាក់ឪពុកម្តាយ អាណាព្យាបាល សប្បុរសជននានា ដែលធ្វើឱ្យទីនេះប្រែក្លាយជាទីកន្លែងមួយផ្តល់ភាពកក់ក្តៅ និងកម្លាំងចិត្តដល់ក្មួយដែលកំពុងសម្រាកព្យាបាល និងស្តារនីតិសម្បទា ឱ្យឆាប់ជាសះស្បើយ និងឆាប់បានត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍វិញ។

លោកក៏សំណូមពរ ឲ្យបន្តចូលរួមប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ថែរក្សាអនាម័យខ្លួនប្រាណរបស់យើងឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសុខភាពល្អទាំងអស់គ្នា។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន គឺនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែងរួមគ្នាជួយព្យាបាល និងស្តារនីតិសម្បទាដល់ក្មួយៗយុវជន យុវនារី រងគ្រោះទាំងអស់ឱ្យចៀសចាកផុតពីភាពញៀន ផ្តល់អនាគតថ្មីតាមរយ:ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ: ចំណេះជំនាញបំណិនជិវិតសម្រាប់ប្រកបរបរចិញ្ចឹមជីវិត ទៅថ្ងៃអនាគត ដោយឈប់បង្កការរំខាន និងនាំមកតែសេចក្តីសុខសុភមង្គលជូនក្រុមគ្រួសារ សហគមន៍អ្នកបានរីកចម្រើន និងមានសុវត្ថិភាព។

លោក ភា មានិត អនុប្រធាន មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទុកដឹកនាំមជ្ឈមណ្ឌលជិវិតថ្មីភ្នំបាក់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់នូវការឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌល និងបានរាយការណ៍ដំណើរការងារបម្រើសេវាព្យាបាល និងស្តារនីតិសម្បទាពីភាពញៀនគ្រឿងញៀន បណ្តុះបណ្តាលចំណេះជំនាញ និងការងារសមាហរណកម្មអ្នកជាសះស្បើយផ្តាច់សារធាតុញៀន ត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍វិញ។

ចុងបញ្ចប់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានពាំនាំមកនូវអំណោយ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ចែកជូនក្មួយៗរួមមាន៖

១៖ ឧបត្ថម្ភមណ្ឌលជីវិតថ្មីភ្នំបាក់១លានរៀល
២៖ បុគ្គលិក២៩នាក់ ទទួលបានភេសជ្ជ:៦កេស និងថវិកា១លាន១៦ម៉ឺនរៀល
៣៖ ជនរងគ្រោះកំពុងស្តារនីតិសម្បទា ៦៨២នាក់ម្នាក់ៗទទួលបានទឹកដោះគោ ១កំប៉ុង ស្ករស១គីឡូក្រាម ទឹកក្រូច២កំប៉ុង ទឹកបរិសុទ្ធ២ដប ត្រីខ២កំប៉ុង និងថវិកា២ម៉ឺនរៀលផងដែរ៕