(ត្បូងឃ្មុំ)៖ «លោកគ្រូអ្នកគ្រូជាស្ថាបនិកនៃអនាគតជាតិ និងពិភពលោក។ មានន័យថា៖ លោកគ្រូអ្នកគ្រូជាអ្នកបំពាក់ចំណេះដឹង ចំណេះធ្វើដល់សិស្សានុសិស្សឱ្យចេញដោះស្រាយរាល់បញ្ហាទាំងរបស់ខ្លួនផង របស់សង្គមជាតិផង និងរបស់ពិភពលោកផង ដើម្បីរក្សាសន្តិសុខ ស្ថេរភាព និងឆ្ពោះទៅរកការរអភិវឌ្ឍប្រកបដោយចីរភាព»។ នេះជាការលើកឡើងរបស់លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ក្នុងឱកាសជួបសំនេះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ និងមន្រ្តីការិយាល័យអប់រំស្រុក ជាង ៥០០នាក់ នៅសាលាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២។

លោកបានបន្តថា ការជួបជុំនៅថ្ងៃនេះ ជាការថ្លែងអំណរគុណ និងដឹងគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលកន្លងមក ជាពិសេសនៅក្នុងអំឡុងពេលវិបិត្តិកូវីដ១៩ បាននឹងកំពុងខិតខំយកអស់កម្លាំងកាយចិត្ត ពេលវេលា និងធនធាន ទាំងការបង្រៀនផ្ទាល់ផង និងតាមរយៈប្រព័ន្ធ online ផង ដើម្បីផ្តល់នូវចំណេះដឹង និងតម្រង់ទិសវិនិយោគធនធានមនុស្ស អោយក្លាយជាកោសិកាសង្គមដែលមានគុណវឌ្ឍន៍ សម្រាប់អភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌របស់យើង។

បន្ថែមពីនេះ លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា លោកគ្រូ អ្នកគ្រូ ជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយជាអាទិភាពរបស់គណបក្សយើងទាំង៤គឺ «ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង»។ ពិតណាស់គុណតម្លៃរបស់លោកគ្រូ ជាសច្ចធម៌សង្គម ដែលយើងមិនអាចបំភ្លេចបានឡើយព្រោះ «មានការអប់រំបណ្តុះបណ្តាលដ៏ល្អរបស់លោកគ្រូអ្នកគ្រូ ទើបយើងមានថ្ងៃនេះ» ហើយ «មានសម្តេចតេជោ មានសន្តិភាព មានការអភិវឌ្ឍ មានការអប់រំ» នេះជាអត្ថន័យដែលយើងត្រូវត្រិះរិៈពិចារណ និងបែងចែកអោយច្បាស់នូវ គុណូបការៈរបស់បក្សយើង ឪពុកម្តាយយើង និង លោកគ្រូអ្នកគ្រូ មិនខុសពីអត្ថន័យអប់រំនៅក្នុងរឿង រឿងនិទាន «គុយទាវ២ចាន មានគុណលើសម្តាយបង្កើត» នោះទេ។

លោកក៏បានផ្តាំផ្ញើឱ្យលោកគ្រូអ្នកគ្រូទាំងអស់ សូមបន្តថែទាំសុខភាពអោយបានល្អ ប្រកាន់ខ្ជាប់នូវវិធានអនាម័យរបស់ក្រសួងសុខាភិបាល គឺ«៣កុំ និង៣ការពារ»

នៅក្នុងឱកាសនោះ ប្រធានបាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនលោកគ្រូអ្នកគ្រូ និងមន្រ្តីការិយាល័យអប់រំស្រុកទាំង ៥០០នាក់ និងឧបត្ថម្ភកម្មវិធីរៀបចំសង្ក្រានឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ដែលឈានមកដល់នាពេលខាងមុខនេះ៕