(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានចាត់ទុកប្រជាការពារជាភូមិជាកម្លាំងគាំទ្រស្នូល និងសំខាន់បំផុតក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីផ្តល់ក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ការថ្លែងបែបនេះរបស់អភិបាលរងក្រុងស្វាយរៀង បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាការពារភូមិព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ដែលមានការចូលរួមពី លោក កែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង។
លោក សរ សុដានី បានថ្លែងនូវការកោតសរសើរដល់ប្រជាការពារភូមិ ដែលជាកម្លាំងស្ម័គ្រចិត្តបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដែលជាកម្លាំងស្នូលនាពេលកន្លងមក ក្នុងការអនុវត្តសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុចផងដែរ។
លោកក៏បានថ្លែងជំរុញដល់ប្រជាការពារភូមិទាំអស់ក្នុងសង្កាត់ស្វាយរៀង សូមបន្តយកចិត្ត ទុកដាក់បន្ថែមទៀត ដើម្បីសុខសុវត្ថិភាព និងការអភិវឌ្ឍក្នុងមូលដ្ឋានយើង និងចូលរួមឱ្យបានកាន់តែសកម្មលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងគ្រឿងញៀនគ្រប់ប្រភេទ និងបន្តអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនជាពិសេស ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរពីមុខនេះ។
នៅក្នុងឱកាសនោះលោក សរ សុដានី និងលោក ម៉េង សាន បានឧបត្ថម្ភថវិកាចំនួន ៥០០ ដុល្លារ និងលោកឧត្តមសេនីយ៍ត្រី កែវ សុថា ក៏បានឧបត្ថម្ភថវិកាចំនួន ៧០០ដុល្លារ សម្រាប់ទិញឯកសណ្ឋានប្រជាការពារភូមិផងដែរ៕