(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានវេទិការសន្តិភាពកម្ពុជា បានលើកឡើងថា ការវិភាគ និងការផ្សព្វផ្សាយរបស់ពួកក្រុមរត់ចោលស្រុកដែលថា សន្តិភាព បច្ចុប្បន្ននៅកម្ពុជា ដូចសន្តិភាពក្នុងរបបខ្មែរក្រហមនោះ វាគឺជាការគិតការវិភាគដ៏ល្ងង់ខ្លៅបំផុត។

ការលើកបែបនេះ របស់លោក សួន សេរីរដ្ឋា បានធ្វើឡើងនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ ក្នុងឱកាសដែលលោកបានរៀបចំពិធីសូត្រមន្ត ពិធីដារលាន នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោកបានចោទសួរថា តើមានអ្នកណា ដែលនិយាយពីលទ្ធិប្រជាធិបតេយ្យ និងទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនៅក្នុងអតីតៈតំបន់ខ្មែរក្រហម ដែលគ្រប់គ្រងដោយ ប៉ុល ពត ដែរទេ នៅមុនថ្ងៃទី២៩ ធ្នូ ១៩៩៨?។

ត្រង់នេះលោកបានសង្កត់ធ្ងន់ថា យើងអាចសួរថា៖ «តើក្នុងសម័យខ្មែរក្រហម ប្រជាជនមានសិទ្ធិធ្វើដំណើរបានដោយសេរីទេ? មានកម្មសិទ្ធិឯកជនទេ? មានសាលារៀនឱ្យអ្នកឯងបានរៀនទេ? មានអាហារូបករណ៍ឱ្យអ្នកឯងទៅរៀននៅបរទេស រហូតវិលមកវិញអង្គុយជេរដៀលរដ្ឋាភិបាលទេ? មានការងារដែលធ្វើបានប្រាក់ឈ្នួល ប្រាក់ខែទេ? មានមធ្យោបាយ និងអ្វីៗគ្រប់បែបយ៉ាងជាសេវាសាធារណៈឱ្យប្រជាជនប្រើទេ? មានព្រះសង្ឃ មានវត្តសម្រាប់ធ្វើបុណ្យទេ? ពិសេស តើមានការបោះឆ្នោត មានគណបក្សបង្កើតចូលរួមប្រកួតការបោះឆ្នោតទេ?»

លោក សួន សេរីរដ្ឋា បន្តថា តើសំណួរទាំងអស់ខាងលើនេះ ពួកអ្នកវិភាគរត់ចោលស្រុកមុខដដែលៗទាំងអស់នោះអាចឆ្លើយបានទេថា មាន ឬមិនមាន?

បន្ថែមពីនេះ លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ដូចនេះការវិភាគ និងការផ្សព្វផ្សាយរបស់ក្រុមរត់ចោលស្រុកនោះ វាគ្រាន់តែជាការបំពុលសង្គម ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ក្នុងចេតនាទុច្ចរឹតនយោបាយ ដើម្បីយក សន្តិភាពដែលកម្ពុជា មានបច្ចុប្បន្នធ្វើជាសត្រូវនៃការធ្វើនយោបាយរបស់ពួកគេតែប៉ុណ្ណោះ ពីព្រោះពួកគេច្រណែនខឹងនឹងពលរដ្ឋអរគុណសន្តិភាព អរគុណសម្តេចតេជោ ហ៊ុន សែន និងដោយសារពួកគេគ្មានចំណែក គ្មានគុណសម្បត្តិអ្វីប៉ុនសរសៃរសក់ជាមួយ និងសន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ន។

លោកបានបន្តថា ដោយសារ «សន្តិភាព» ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីនៅទូទាំងប្រទេស អាចធ្វើដំណើរកម្សាន្ត ធ្វើបុណ្យទានតាមប្រពៃណី និងប្រកបមុខរបររកស៊ីដោយសេរី។

លោកថាសន្តិភាព ដែលកម្ពុជាទទួលបានក្រោមការដឹកនាំលះបង់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគុទ្ទេសក៏សន្តិភាពនៃកម្ពុជា គឺជាម្លប់ដ៏ត្រជាក់ដែលបានផ្តល់ឱ្យប្រជាជនកម្ពុជា និងជាគ្រឹះនៃការកសាងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍គ្រប់វិស័យនៅកម្ពុជា។ ជាការពិតបើពេលនេះកម្ពុជា គ្មានសន្តិភាព ហើយប្រទេសជាតិកំពុងស្ថិតនៅក្នុងសភ្លើងសង្គ្រាមនៅឡើយនោះ គឺយើងមិនអាចធ្វើការអភិវឌ្ឍន៍អ្វីបានទេ ហើយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក៏គេមិនអាចទៅឈរនិយាយពីមុខចុងអាវុធដែលកំពុងប្រយុទ្ធគ្នាបានដែរ៕