(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC បានសំដែងនូវការព្រួយបារម្ភ នៃផលប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិ ចំពោះសកម្មភាព អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនតូច ដែលកំពុងតែលេងល្បែងនយោបាយ ដ៏គ្រោះថ្នាក់ ដោយបានបង្កើតនូវព្រឹត្តិការណ៍ផ្សេងៗដែល ផ្ទុយទៅនឹង លក្ខខន្តិកៈរបស់ខ្លួន។
លោកបានបន្ថែមថា ក្នុងនាមជាប្រធានអង្គការវិជ្ជាជីវៈសហជីពកម្មករ ជានិច្ចជាកាលលោកចង់បានសុខសន្តិភាព និងស្ថេរភាព នយោបាយ ដែលជាមូលដ្ឋាន គ្រឹះ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ផ្តល់ការងារដល់ប្រជាពលរដ្ឋ ដែលជាកម្មករនិយោជិក នៅតាមវិស័យនានា ដែលបច្ចុប្បន្ននេះ មានជាង១លាននាក់។
លោកបានបន្តថា លោកសូមគោរពដោយស្មោះចំពោះអង្គការសង្គមសុីវិលជាតិ-អន្តរជាតិមួយចំនួនដែលជាដៃគូរអភិវឌ្ឍ និងបានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ តែលោកបានប្រឆាំងដាច់ខាតចំពោះក្រុមអង្គការសង្គមសុីវិលណាដែលធ្វើសកម្មភាពទៅតាមសេណារីយ៉ូរបស់បរទេស ក្នុងគោលបំណងទាញប្រទេសកម្ពុជាអោយធ្នាក់ក្នុងវិបត្តិនយោបាយ ដូចជានៅប្រទេសមួយចំនួនក្នុងតំបន់អារ៉ាប់ជាដើម។
លោក សោម អូន ក៏បាន អំពាវនាវដល់អង្គការសង្គមសុីវិលមួយចំនួនតូចដែលកំពុងតែវង្វែងផ្លូវ សូមពិនិត្យមើលលក្ខខន្តិកៈរបស់ខ្លួនដែលបានចុះបញ្ជិកាទទួលស្គាល់ដោយស្ថាប័នរបស់រាជរដ្ឋាភិបាលឡើងវិញ ដើម្បីអនុវត្តសកម្មភាពការងារអោយបានត្រឹមត្រូវ ទៅតាមតួនាទី និងភារកិច្ច របស់ខ្លួន ចៀសវាងដើរតួនាទីជាគណបក្សនយោបាយ ឫជាអ្នកបង្កហេតុ ក្នុងទិសដៅរុញសហភាពការណ៏ប្រទេសជាតិអោយធ្លាក់ក្នុងគ្រោះមហន្តរាយ រឺ វិបត្តិសង្គ្រាម ៕