(ភ្នំពេញ)៖ មនុស្សចាស់ ក្នុងរយៈពេល៤៣ឆ្នាំកន្លងនេះ ពិតជាមានគុណសម្បត្តិយ៉ាងច្រើន ជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ ហើយនេះជាគុណសម្បត្តិមួយ ដែលមិនអាចកាត់ថ្លៃបាន។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងប្រធានអនុគណៈកម្មាធិការ ដើម្បីមនុស្សចាស់រាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល និងផ្តល់អំណោយជូនមនុស្សចាស់ជាង ៥០០នាក់ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ការស្រឡាញ់មនុស្សចាស់ជរា គឺជាប្រពៃណីរបស់ប្រជាពលរដ្ឋកម្ពុជាយើងតាំងពីយូរលង់ណាស់មកហើយ។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់មនុស្សចាស់ជរា ដោយសម្តេចទាំងទ្វេតែងតែជួយឧបត្ថម្ភជូនមនុស្សចាស់ជាដរាបរៀងមក ។ ជាក់ស្ដែងនៅក្នុងពេលនេះ សម្ដេចទាំងទ្វេបានឧបត្ថម្ភនូវស្បៀងអាហារ និងថវិកាមួយចំនួន ដល់មនុស្សចាស់នៅក្នុងរាជធានីភ្នំពេញ ចំនួន ៥២៥នាក់ ដោយក្នុងម្នាក់បានទទួលអង្ករ មី ត្រីខ ប្រេងឆា និងថវិកា ចំនួន៥ម៉ឺនរៀល។

លោក ឃួង ស្រេង បានបន្តទៀតថា តាមអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន «ក្មេងជាអ្នកមានកំលាំង ចំណែក មនុស្សចាស់ជាអ្នកស្គាល់ផ្លូវ»។ ការរួមគ្នាប្រាប់ផ្លូវដើម្បីឲ្យក្មេងៗជំនាន់ក្រោយ ដើរលើផ្លូវដែលរៀបចំដោយមនុស្សចាស់ នោះប្រទេសជាតិនឹងកាន់តែមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។

លោក ឃួង ស្រេង បានសូមឱ្យពលរដ្ឋទាំងអស់រួមគ្នារក្សាសន្តិភាពឲ្យបានគង់វង់ ដើម្បីឲ្យកម្ពុជាបន្តមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត។ លោកបញ្ជាក់ថា សង្គ្រាមវានឹងបង្កភាពហិនហោចឲ្យប្រទេសជាតិ ដូច្នេះយើងត្រូវតែរួមគ្នារក្សាសន្តិភាពដែលបានមកដោយកម្រនេះឲ្យបានគង់វង្សរហូតតទៅ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានលើកឡើងថា សមាជិកសមាគមមនុស្សចាស់ ក្នុងខណ្ឌទាំង១៤ មានសមាជិកចូលរួម ២១,២១៣នាក់ (ស្រី ១៣,១៧១ នាក់) ។ ទទួលបានការគាំទ្រថវិកា និងសម្ភារៈគ្រឿងឧបភោគ បរិភោគ ពីលោក ឃួង ស្រេង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ០២ លើក សរុបសមាជិកសមាគមមនុស្សចាស់ ចំនួន ១.៣៦៥នាក់ ចំណាយថវិកា សរុបចំនួន ១៣២.៧២០.០០០រៀល និងសម្ភារៈមួយចំនួន។

មន្ទីរបានទទួលអំណោយឧបត្ថម្ភរបស់កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមតាមបណ្តាលខណ្ឌ ទាំង១៤ សរុបចំនួន២៤លើក មានសមាជិកសមាគម ១.២០០នាក់ (ស្រី៤២០នាក់) បានឧបត្ថម្ភថវិកាដល់គ្រួសារ សមាជិកសមាគម ដែលបានទទួលមរណភាពចំនួន២៩២សព សរុបចំនួន ៧៣.០០០.០០០រៀល បានចុះសួរសុខទុក្ខសមាជិកសមាគម ដែលមានជំងឺជួបការលំបាក ចំនួន២៦២លើក ឧបត្ថម្ភថវិកា សរុបចំនួន ២៥.៣៦០.០០០រៀល បាននាំយកអំណោយជាថវិកានិងសម្ភារៈ របស់លោក ឃួង ស្រេង ជូនសមាជិកដល់សមាគមមនុស្សចាស់ក្រីក្រ ជួបការលំបាក ចំនួន ១២១នាក់ ក្នុងកំឡុងពេលបិទខ្ទប់។

មនុស្សវ័យចាស់ក្នុងគ្រួសារសរុបចំនួន២០.១៩២នាក់ ទទួលបានបានជំនួយឧបត្ថម្ភជាសាច់ប្រាក់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងប្រយុទ្ធប្រឆាំងកូវីដ-១៩ (តាមរយៈប័ណ្ណសមធម៌ក្រីក្រ ក្រ១ និងក្រ២)។

លោកស្រីបន្តថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់គិតគូរ សុខទុក្ខ និងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សវ័យចាស់ទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ ធ្វើយ៉ាងណាឱ្យមនុស្សវ័យចាស់ ទទួលបាននូវភាពសុខដុមរមនា ដោយមិនបានបំភ្លេចមនុស្សចាស់ឡើយ៕