(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ជូនយោធិនពលី ពិការ និងសោធននិវត្តន៍ ដែលជាមន្រ្តីរបស់ខ្លួន ចំនួន ៣៣២នាក់។

លោក ហេង រតនា បានឲ្យដឹងថា រហូតមកដល់ពេលនេះ មន្រ្តីរបស់អង្គភាពស៉ីម៉ាក់ មានចំនួន ១ ០១៩នាក់ហើយ ដែលទទួលបានប្រាក់ឧបត្ថម្ភគោលនយោបាយពីរាជរដ្ឋាភិបាល។

លោកបានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ដែលតែងតែគិតគូរយកចិត្តទុកដាក់ ដល់មន្រ្តីចូលនិវត្តន៍របស់អង្គភាពស៉ីម៉ាក់ ក្នុងការបើកប្រាក់ឧបត្ថម្ភគោលនយោបាយ មុនចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ។

លោក ហេង រតនា បានថ្លែងថា «តាងនាមថ្នាក់ដឹកនាំមន្រ្តី បុគ្គលិកអង្គភាពស៉ីម៉ាក់ សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានដាក់បញ្ជូលមន្រ្តីដែលចូលនិវត្តន៍របស់អង្គភាពស៉ីម៉ាក់ ទៅក្នុងក្របខណ្ឌក្រសួងការពារជាតិ»

ឆ្លៀតក្នុងឱកាសនេះ លោកក៏បានថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ និងជាពិសេសឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានគាំទ្រ និងជំរុញឱ្យស៉ីម៉ាក់ ទទួលបានរបបសោធននេះ៕