(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងលើកឡើងថា «ពាក្យ «អរគុណសន្តិភាព» ដែលយើងទាំងអស់គ្នាតែងនិយាយរាល់ថ្ងៃនេះ គឺមិនអាចខ្វះសម្តេចតេជោ ហ៊ុន សែន បានទេ។ ហើយក៏មិនអាចខ្វះដូចដែលសម្តេចតេជោ តែងបានលើកឡើង គឺកងទ័ពរបស់យើង»។

ការថ្លែងលើកឡើងបែបនេះរបស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក្នុងឱកាសដែលលោកដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំថវិកា សម្ភារ មកចែកជូន នាយទាហាន នាយទាហានរងនិងពលទាហាន នៅអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ កម្ពុជា-ឡាវ នៃសមូរភូមិទិសទី១ប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២។

នៅក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទក្ខដោយក្តីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខ និងជីវភាពរស់នៅរបា់កងទ័ព និងគ្រួសារកងទ័ព។

លោកទេសរដ្ឋមន្ត្រីបានថ្លែងទៀតថា វត្តមានរបស់លោកនិងប្រតិភូនៅថ្ងៃនេះ គឺចង់បង្ហាញថា សមូរភូមិមុខនិងសមូរភូមិក្រោយនៅជាប់គ្នាជានិច្ច។ លោកបញ្ជាក់ថា លោកនៅសមរភូមិក្រោយ និងប្តេជ្ញានៅជាមួយសមរភូមិមុខ ទាំងពេលលំបាក ទាំងពេលដែលត្រូវបង្ហូរឈាម ទាំងពេលដែលត្រូវបង្ហូរញើស ទាំងពេលដែលប្រយុទ្ធ និងទាំងពេលដែលកសាង។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ដែលអាចសឹងនិយាយបានថា ជាកងពលគម្រូ ទាំងកេរ្តិ៍ឈ្មោះប្រយុទ្ធ ទាំងការគ្រប់គ្រង ទាំងការគិតគូរ ១០០មុខ។

លោកថា «កងពលធំអន្តរាគមន៍លេខ៣ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះប្រយុទ្ធប៉ុណ្ណោះទេ គឺមានកេរ្តិ៍ឈ្មោះខាងសីលធម៌ ដែលតម្លៃនៃកេរ្តិ៍ឈ្មោះនៃសីលធម៌នេះគឺខ្លាំងជាងគ្រាប់បែក និងគ្រាប់បេ២១ (B.21)ទៀត ព្រោះអីគេយកទៅផ្សាយបន្ត»

ជំនួសមុខឱ្យនាយនិងពលទាហានទូទាំងកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានសំដែងនូវមនោសញ្ចេតនារំភើបរីករាយ ចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនៅទីនេះជាប្រចាំ ព្រមទាំងបានឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់អង្គភាព ដល់នាយនិងពលទាហាន ដែលកត្តាទាំងអស់នេះគឺពិតជាបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីការអាណិតស្រឡាញ់ ក្នុងន័យផ្សារភ្ជាប់យ៉ាងជិតស្និតរវាងសមរភូមិមុខ និងសមរភូមិក្រោយ៕