(រតនគិរី)៖ កម្លាំងចម្រុះរួមមានកម្លាំងផ្នែករដ្ឋបាលព្រៃឈើវ៉ើនសៃ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកវ៉ើនសៃ កម្លាំងនគរបាលស្រុកវ៉ើនសៃកម្លាំងនគបាល ប្រឆាំងបទ ល្មើសសេដ្ឋកិច្ចខេត្ត និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការរឹបអូសឈើប្រណិតជាច្រើនដុំ ប្រភេទធ្នង់ជាច្រើនដុំ ស្ថិតក្នុងភូមិ ហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី នៅ រសៀលថ្ងៃទី០៨ ខែឧសភា នាំយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី។។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ឈើប្រណិតជាច្រើនដុំនោះ ត្រូវបានក្រុមឈ្មួញដឹកមកគរទុកដីឡូត៍ ផ្ទះប្រជាពលរដ្ឋមាត់ទន្លេសេសាន ក្បែរកំពង់ចម្លង ទីរួមស្រុក វ៉ើនសៃ។
នាយផ្នែករដ្ឋបាលព្រៃឈើផ្នែកវ៉ើនសៃលោក ជា កុណារ៉ា បានឲ្យដឹងថា «ឈើប្រណិតធ្នង់ទាំងអស់នោះ ពុំទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ គឺកំពុងធ្វើការដឹក ជញ្ជូនយកទៅធ្វើការរាប់ចំនួន និងវាស់វែង ហើយជាប្រភេទឈើផែជាសន្លឹកបន្ទះធំ-តូច វែង-ខ្លី លាយចម្រុះគ្នា»។
លោកជា កុណារ៉ានាយផ្នែករដ្ឋបាលព្រៃឈើវ៉ើនសៃ បន្តឲ្យដឹងទៀតថា នៅពេលចុះបង្ក្រាបលោកបានហៅមេភូមិមកសួរនាំ ដើម្បីបញ្ជាក់រកម្ចាស់តែលោកមេភូមិអះ អាងថាពុំមែនជាឈើរបស់ម្ចាស់ផ្ទះនោះទេ ដោយម្ចាស់ផ្ទះបាននាំគ្នាទៅធ្វើស្រែចំការអស់ហើយ។ បច្ចុប្បន្នគំនរឈើ (សន្និធិខុសច្បាប់) កំពុងឆ្លងយោបល់តំណាង អយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ឈើ ដើម្បីចាត់ការតាមច្បាប់។
ប្រភពព័ត៌មានផ្សេងទៀតប្រាប់ឲ្យដឹងថានៅស្រុកវ៉ើនសៃ មានក្រុមឈ្មួញវៀតណាមប្រមាណ ៣០-៤០នាក់ បានប្រមូលទិញឈើ ប្រណិតពីតំបន់នានានៅក្នុងស្រុកវ៉ើនសៃ និងតំបន់មួយចំនួនទៀតពីព្រំប្រទល់ខេត្តស្ទឹងត្រែង រួចដឹកយកមកគរទុកនៅតំបន់ខាងលើដើម្បីជួលក្រុមឈ្មួញខ្មែរ ដែលមានខ្នងបង្អែករឹងមាំដឹកតាមរថយន្ត ស៊េរីទំនើបៗមកស្តុកនៅក្រុងបានលុង និងដឹកបន្តទៅប្រទេសវៀតណាមតែម្តង។
ប្រតិបត្តិការរបស់ក្រុមសមត្ថកិច្ច ចម្រុះចុះរឹបអូសគំនរឈើប្រណិតជាច្រើនដុំខាងលើនេះ ដោយសារតែប្រជាពលរដ្ឋរាយការណ៍ ទើបឈានដល់ការបង្ក្រាបតែម្តង។ គេកំពុងតែឆ្ងល់ថាតើក្រុមឈ្មួញវៀតណាម ប្រមាណ៣០-៤០នាក់មកដើរប្រមូលទិញឈើប្រណិត នៅក្នុងភូមិសាស្ត្រស្រុកវ៉ើនសៃ មានច្បាប់អនុញ្ញាត ស្នាក់នៅពី អាជ្ញាធរមានសមត្ថកិច្ចរបស់ខ្មែរដែរឫទេ?៕