(ភ្នំពេញ)៖ នៅសល់រយៈពេលប្រមាណ៤ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នឹងឈានចូលមកដល់ហើយ។ បន្ទាប់ពីការរឹតត្បិតមិនឱ្យមានការជួបជុំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំអស់រយៈពេលពីរឆ្នាំ ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩នោះ នៅឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋជួបជុំ និងការលេងកម្សាន្តសប្បាយឡើងវិញហើយ។

ការអនុញ្ញាតឱ្យមានការជួបជុំ និងលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ក៏ដោយសាររាជរដ្ឋាភិបាលបានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ កាត់បន្ថយការឆ្លងរាតត្បាតនៃមេរោគឆ្លងសាកលមួយនេះ។ ទន្ទឹមនឹងកាលបរិច្ឆេទនៃពិធីបុណ្យចូលឆ្នាំថ្មីខិតជិតចូលមកដល់នោះ គេបានសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរដែលឃ្លាតឆ្ងាយស្រុកមកបំពេញការងារ ឬសិក្សាក្នុងរាជធានីភ្នំពេញ ក៏ចាប់ផ្តើមធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួនជាបណ្តើរៗហើយ។

នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្តាងដងផ្លូវជាតិភ្ជាប់រាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តមានដូចជាផ្លូវជាតិលេខ៦, លេខ៥, លេខ៤, លេខ៣, លេខ២ និងលេខ១ មានប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរទៅស្រុកំណើត។

ប្រជាពលរដ្ឋខ្លះប្រើមធ្យោបាយជាម៉ូតូ ជាម៉ូតូកង់ និងរថយន្តជាដើមទៅកាន់ស្រុកកំណើតរបស់ពួកគេ។ ទាំងមធ្យោបាយជាម៉ូតូ ម៉ូតូកង់បី និងរថយន្ត បានភ្ជាប់ទៅជាមួយវ៉ាលី និងស្បោងដាក់ខោអាវ។ អ្នកខ្លះក៏មានភេសជ្ជៈ នំចំណី និងអាហារហូបចុកមួយចំនួន ជាបញ្ញើសម្រាប់ក្រុមគ្រួសារ និងសាច់ញាតិនៅឯស្រុកកំណើត។

គេក៏សង្កេតឃើញផងដែរថា ទោះបីប្រើមធ្យោបាយអ្វីក៏ដោយ តែប្រជាពលរដ្ឋម្នាក់ៗសុទ្ធតែបានបង្ហាញនូវទឹកមុខរីករាយ ដ្បិតពួកគេបានវិលទៅជួបជុំជីដូនជីតា មាតាបិតា ក្រុមគ្រួសារ និងសាច់ញាតិ ក្រោយពេលបានឃ្លាតឆ្ងាយមកបំពេញការងារទ្រទ្រង់ជីវភាព និងស្វែងរកចំណេះជាដើមនៅរាជធានីភ្នំពេញ។ ពេលវេលានៃការជួបជុំក្រុមគ្រួសារ និងសាច់ញាតិ ជាពេលវេលាសប្បាយរីករាយក្រៃលែងសម្រាប់ជីវិតគ្រួសារខ្មែរ។

សូមបញ្ជាក់ថា សង្ក្រានឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នឹងឈានចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១០៖០០នាទី។ ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទាអភរណៈកែវមរកត ភក្សាហារទ្រង់សណ្តែក ល្ង ព្រះហស្ថស្តាំទ្រង់កង្វេរ ព្រះហស្ថឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នងដំរី (គជសារ) ជាយានពាហនៈ។

ការជួបជុំ និងលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មិនអាចធ្វើបាននោះឡើយ ប្រសិនបើជំងឺកូវីដ១៩ នៅតែបន្តរាតត្បាតដូចកាលពីឆ្នាំ២០២០ និង២០២១នោះ។ ប្រជាពលរដ្ឋ បានសម្តែងការវាយតម្លៃ និងស្ញប់ស្ញែងខ្ពស់ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសេនាធិការរបស់សម្តេចទាំងអស់ ដែលបានដាក់ចេញនូវវិធានការ និងចំណាត់ការប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាពិសេសការដាក់ចេញផែនការដ៏លឿនរហ័សក្នុងការស្វែងរកវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បង្កើតភាពសុាំក្នុងសហគមន៍ ឈានទៅកាត់បន្ថយការឆ្លងរាតត្បាតជំងឺកូវីដ១៩៕