(មណ្ឌលគិរី)៖ នាដំណើរបេសកកម្មការងារនៅក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងសហការីនៃកាកបាទក្រហមកម្ពុជា បានបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះរតនត្រ័យ នាំយកទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនដល់នៅវត្តសែនមនោរម្យ និងពុទ្ធមណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីឧបត្ថម្ភទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ម.ស. ១៩៤៤ ច .ស. ១៣៨៤ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ។

បន្ទាប់ពីបានបង្សុកូលដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន មាតាបិតា និងញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោករួចមក ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គ រួមនឹងគណៈកម្មការអាចារ្យវត្តក៏បានជូនពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនដល់ថ្នាក់ដឹកនាំនៃកាកបាទក្រហមកម្ពុជាទាំងអស់ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរ ដើម្បីបន្តជួយឧបត្ថម្ភទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរឹងមាំរីកចម្រើន ព្រមទាំងដើម្បីបន្តជួយប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិជាមួយសម្តេចតេជោ ហ៊ុន សែន ឲ្យកាន់តែរីកចម្រើនថែមទៀតក្រោមម្លប់នៃសន្តិភាព។

សូមបញ្ជាក់ថា ទេយ្យវត្ថុរបស់កាកបាទក្រហមកម្ពុជាដែលប្រគេនដល់វត្តនីមួយៗ រួមមាន អង្ករ១០០គីឡូក្រាម មី១កេស ត្រីខ១កេស ទឹកក្រូច៥កេស ទឹកបរិសុទ្ធ៥កេស និងបច្ច័យចំនួន២,០០០,០០០រៀល (ពីរលានរៀល)។ ប្រគេនព្រះចៅអធិការវត្ត២អង្គ មួយអង្គៗបច្ច័យ១០ម៉ឺនរៀល។ ប្រគេនព្រះសង្ឃ៦អង្គ នៅតាមវត្តនីមួយៗក្នុងមួយអង្គៗបច្ច័យ៥ម៉ឺនរៀលផងដែរ៕