(ភ្នំពេញ)៖ ក្រុមអង្គការសង្គមស៊ីវិល សកម្មជនដីធ្លី រួមទាំងព្រះសង្ឃ ជាង២០០នាក់/អង្គ នៅម៉ោង១១៖០០ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ បានប្រមូលផ្តុំគ្នានៅខណ្ឌមុខអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីទាមទារឱ្យសមត្ថកិច្ចដោះលែង បក្ខពួករបស់ពួកគេ៦នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេស្លៀកពាក់បង្ហាញអំពីយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែលអាជ្ញាធរហាមឃាត់។
សេចក្តីរាយការណ៍ពីអ្នកឃ្លាំមើល នៅកន្លែងកើតហេតុ បានឱ្យដឹងថា រហូតដល់ពេលនេះ ចរាចរណ៍នៅខាងមុខ អធិការដ្ឋានខណ្ឌដង្កោ កំពុងមានភាពកកស្ទះ។ ជាមួយគ្នា សមត្ថកិច្ចក៏បានព្យាយាមនាំខ្លួនជនបរទេស២រូប ក្នុងចំណោមអ្នកតវ៉ាទាំងនោះ ដើម្បីយកទៅសួរនាំផងដែរ ប៉ុន្តែត្រូវបានមន្រ្តីសង្គមស៊ីវិល និងសកម្មជនដីធ្លីរារាំង។
សូមជំរាបថា នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ មន្រ្តីអង្គការសង្គមស៊ីវិល និងតំណាងអ្នកបឹងកក់សរុប ៦នាក់ហើយ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន នៅពេលដែលពួកគេកំពុងធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅ ទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក ៤នាក់ និងអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ ដែលត្រូវបានចាប់ខ្លួនព្រោះតែរឿងស្រូវស្នេហ៍របស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និង ស្រីមុំ។
មន្រ្តីអង្គការសង្គមស៊ីវិល និងតំណាងអ្នកភូមិបឹងកក់ទាំង ៦នាក់ ដែលចាប់ខ្លួននោះរួមមាន៖ ជនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង ៦នាក់រួមមាន៖
១៖ លោក អ៊ី សារ៉ុម នាយកប្រតិបត្តិអង្គការធាងត្នោត
២៖ លោក ថាវ គឹមសាន មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ
៣៖ អ្នកស្រី សរ ស៊ន តំណាងប្រជាពលរដ្ឋបុរីកីឡា
៤៖ កញ្ញា ស៊ង ស្រីលាភ តំណាងប្រជាពលរដ្ឋ បឹងកក់
៥៖ អ្នកស្រី គង់ ចន្ថា តំណាងប្រជាពលរដ្ឋ បឹងកក់
៦៖ អ្នកស្រី ប៉ូវ សោភា តំណាងប្រជាពលរដ្ឋ បឹងកក់។
នៅម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការរាល់សកម្មភាព និងការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនេះ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូល។ សម្តេចក្រឡាហោម ស ខេង បានណែនាំដល់ដល់អភិបាលរាជធានី និងខេត្ត ពាក់ព័ន្ធ ឲ្យចាត់វិធានការម៉ឹងម៉ាត់ និងទប់ស្កាត់សកម្មភាពទាំងអស់នេះ ដើម្បីរក្សា និងទប់ស្កាត់ចលនាញុះញង់នេះ ដែលអាចនាំឲ្យមានភាពចលាចល វឹកវរក្នុងសង្គម៕