(បាត់ដំបង)៖ លោក ប៊ុន ហុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានបញ្ជាក់ថា សន្តិភាព ពិតជាមានមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះ យើងទាំងអស់គ្នាត្រូវរួមគ្នារក្សាការពារសន្តិភាពឱ្យបានជាដាច់ខាត តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ការបញ្ជាក់បែបនេះ របស់លោក ប៊ុន ហុន បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ចំនួន៨៦រូប នៃឃុំទាំង៦ក្នុងស្រុកគាស់ក្រឡ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ នៅទីស្នាក់ការគណបក្សស្រុកគាស់ក្រឡ។

ក្នុងឱកាសនោះដែរលោក ក៏បានណែនាំ និងផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្នុងស្រុកគាស់ក្រឡ អំពីការឃោសនារកសំលេងឆ្នោត ដើម្បីភាពទាក់ទាញប្រជាប្រិយភាព ដណ្តើមឱ្យបានជ័យជម្នះ ១០០ភាគរយ លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក៏ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣។ ទន្ទឹមគ្នានោះដែរ លោក បានក្រើនរំលឹកអោយមន្រ្តីបក្សនៅមូលដ្ឋាន ត្រូវមានសាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ និងត្រូវប្រឹងប្រែងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជាពិសេសត្រូវអនុវត្តអោយមានប្រសិទ្ធិភាពខ្ពស់នូវគោលនយោបាយបាយភូមិឃុំមានសុវត្ថភាព។

លោក ឡាំ ជា បានបន្ថែមថា ចាប់ពីពេលនេះតទៅ បេក្ខជនទាំងអស់ត្រូវខិតខំពង្រឹងបន្ថែមសកម្មភាពការងាររបស់ខ្លួនអោយបានសកម្មបំផុត ដើម្បីទទួលបានជ័យជម្នះលើការបោះឆ្នោតនេះ។ ជ័យជម្នះរបស់បក្ស គឺជាជ័យជម្នះរបស់បងប្អូនទាំងអស់គ្នា។

បន្ទាប់ពីបានផ្តល់អនុសាសន៍ដល់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់រួចមក, លោក ប៊ុន ហុន និងលោក ឡាំ ជា ក៏បានស្តាប់នូវបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានស្រុកគាស់ក្រឡ បន្ទាប់មកបេក្ខជនឈរឈ្មោះទាំង៨៦រូប នៃឃុំទាំង៦ ក្នុងស្រុកគាស់ក្រឡ បានឡើងប្តេជ្ញាចិត្តថានឹងដណ្តើមយកឱ្យបាន នូវជ័យជម្នះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលខាងមុខនេះ។

ក្នុងឱកាសនោះដែរ ប្រធានក្រុមការងារ បានគោរពថ្លែងអំណរគុណដល់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនគ្រប់វិស័យ និងមានសន្តិភាព និងស្ថេរភាពពេញលេញធ្វើឱ្យប្រជាពលរដ្ឋរស់នៅបានយ៉ាងសុខសាន្តបំផុត។

សូមបញ្ជាក់ថា ពិធីសំណេះសំណាលនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ប៊ុន ហុន និងលោក ឡាំ ជា អនុប្រធានទី១ នៃក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកគណបក្សចុះជួយមូលដ្ឋានមួយចំនួនផងដែរ៕