(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង១១៖១៥នាទី ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ មន្រ្តីសង្គមសីុវិល និងសកម្មជនដីធ្លីនៅបឹងកក់ទាំង៦នាក់ កំពុងស្ថិតក្រោមការសាកសួរ របស់នគរបាលខណ្ឌដូនពេញ និងនគរបាលខណ្ឌដង្កោ ដោយមានការដឹកនាំពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីត្រូវឃាត់ខ្លួន ខណ:ដែលពួកគេកំពុងដង្ហែរក្បួន និងដឹកនាំមនុស្ស ស្លៀកពាក់ខ្មៅទៅកាន់ពន្ធនាគារព្រៃស។ នេះបើយោងតាមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច។
នាយឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ពួកគេទាំង៦នាក់ មាន៣នាក់ កំពុងសួរនាំនៅខណ្ឌដូនពេញ និង៣នាក់ទៀត នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមការសម្របសម្រួលពីសំណាក់ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ហើយបើសិនក្រោយការសួរនាំទៅពួកគេ គ្មានទោសព្រហ្មទណ្ឌនោះទេ ពួកគេនឹងឲ្យធ្វើកិច្ចសន្យា រួចអនុញ្ញាតឲ្យត្រឡប់ទៅវិញ។
សម្រាប់ការឃាត់ខ្លួនពួកគេទាំង៦នាក់ នាយឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា បើការតវ៉ា ដង្ហែរក្បួន និងប្រមូលផ្តុំណាមួយ គ្មានការអនុញ្ញាតពីច្បាប់ ហើយអាចបង្កឲ្យមានការប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងអស្ថេរភាពនយោបាយដល់សង្គមជាតិនោះ យើងនឹងធ្វើការបំបែក រំសាយ ឃាត់ដំណើរ និងធ្វើការឃាត់ខ្លួនតំណាងពួកគេយកទៅសួរនាំបន្ត។ បើសួរនាំទៅពួកគេមានទោសដែលចែងនៅក្នុងច្បាប់នោះ នឹងមានវិធានការបន្តតាមនីតិវិធី ហើយបើសួរនាំទៅ គ្មានទោសដែលចែងនៅក្នុងច្បាប់ទេ នឹងឲ្យពួកគេធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅវិញ។
សូមបញ្ជាក់ថា នៅព្រឹកមិញ អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់ Fresh News ថា មន្រ្តីអង្គការសង្គមស៊ីវិល និងតំណាងអ្នកបឹងកក់សរុប ៦នាក់ហើយ ត្រូវបានឃាត់ខ្លួន ពេលពួកគេកំពុងធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅ ទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក ៤នាក់ និងអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ ដែលត្រូវបានចាប់ខ្លួនព្រោះតែរឿងស្រូវស្នេហ៍របស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និង ស្រីមុំ។
មន្រ្តីអង្គការសង្គមស៊ីវិល និងតំណាងអ្នកភូមិបឹងកក់ទាំង ៦នាក់ ដែលចាប់ខ្លួននោះរួមមាន៖ ជនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង ៦នាក់រួមមាន៖
១៖ លោក អ៊ី សារ៉ុម នាយកប្រតិបត្តិអង្គការធាងត្នោត
២៖ លោក ថាវ គឹមសាន មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ
៣៖ អ្នកស្រី សរ ស៊ន តំណាងប្រជាពលរដ្ឋបុរីកីឡា
៤៖ កញ្ញា ស៊ង ស្រីលាភ តំណាងប្រជាពលរដ្ឋ បឹងកក់
៥៖ អ្នកស្រី គង់ ចន្ថា តំណាងប្រជាពលរដ្ឋ បឹងកក់
៦៖ អ្នកស្រី ប៉ូវ សោភា តំណាងប្រជាពលរដ្ឋ បឹងកក់។
សូមបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិល បន្ទាប់ពីបានចូលជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតអាមេរិក លោក វីលៀម ហើស កាលពីថ្ងៃទី០៤ ខែឧសភា រួចហើយនោះ បានប្រកាស និងអំពាវនាវដល់មន្រ្តីអង្គការសង្គមស៊ីវិលទាំងអស់ ធ្វើសកម្មភាព និងយុទ្ធនាការស្លៀកពាក់ខ្មៅចាប់ពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះតទៅ ដើម្បីទាមទារឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក ៤នាក់ និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតម្នាក់ ដែលត្រូវបានតុលាការសម្រេចឃុំខ្លួន ដោយចោទប្រកាន់ពីសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវស្នេហ៍រវាងលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និងស្រីមុំ។
នៅថ្ងៃទី០៨ ខែឧសភា ម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការរាល់សកម្មភាព និងការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនេះ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូល។ សម្តេចក្រឡាហោម ស ខេង បានណែនាំដល់ដល់អភិបាលរាជធានី និងខេត្ត ពាក់ព័ន្ធ ឲ្យចាត់វិធានការម៉ឹងម៉ាត់ និងទប់ស្កាត់សកម្មភាពទាំងអស់នេះ ដើម្បីរក្សា និងទប់ស្កាត់ចលនាញុះញង់នេះ ដែលអាចនាំឲ្យមានភាពចលាចល វឹកវរក្នុងសង្គម៕