(ភ្នំពេញ)៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំឆ្នាំសិក្សា ២០១៥-២០១៦ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងចាប់ផ្ដើមពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភាខាងមុខនេះហើយ ដោយមានកីឡាករ-កីឡាការិនីជាសិស្សមធ្យមសិក្សា និងប្រតិភូដឹកនាំចំនួន ២២៤៩នាក់ (ស្រី ១០៥៦នាក់) ចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទសារព័ត៌មានម្សិលមិញថា «ឆ្នាំនេះក្រសួង អប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានត្រៀមកីឡា ៦ប្រភេទសម្រាប់ដាក់ឲ្យសិស្សមធ្យមសិក្សាទូទាំង ប្រទេសធ្វើការប្រកួតប្រជែង ក្នុងនោះមានកីឡាបាល់ទាត់បុរស-នារី, បាល់ទះបុរស-នារី, បាល់បោះបុរស-នារី, អត្តពលកម្មបុរស-នារី និងក្រុមកីឡាវាយកូនឃ្លីលើតុបុរស-នារី» ។
យ៉ាងណាមិញកីឡាករ-កីឡាការិនីជាសិស្ស ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺមានចំនួន ២២៤៩នាក់ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ឆ្នាំនេះចំនួនសិស្សស្រីចូលរួមបានកើនដល់ ៤៨% ឯណោះ ។ លោក វ៉ាត់ ចំរើន បញ្ជាក់ថា នេះជាជំហានជោគជ័យមួយ សម្រាប់អូសទាញថ្នាលឲ្យចូលលេងកីឡា ដើម្បីជ្រើសរើសអ្នកមានទេពកោសល្យ បញ្ចូលទៅសហព័ន្ធសាមី ដើម្បីបណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាកីឡាជំនាញ ។
លោកបន្ដថា ការរៀបចំនេះ គឺដើម្បីឆ្ពោះទៅការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ហេតុនេះសហព័ន្ធសាមីត្រូវចូលរួមត្រួតពិនិត្យ តាមដានជាមួយព្រឹត្តិការណ៍នេះជាចាំបាច់ ដើម្បីសម្លឹងរកអ្នកមានទេព កោសល្យមកបណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាកីឡាអាជីព ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតលើឆាក អន្ដរជាតិ ពិសេសគឺត្រៀមដណ្ដើមមេដាយជូនជាតិ នាពេលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡា SEA Games តែម្ដង ៕